អ៊ុយក្រែន៖ យោងតាមការស្ទង់មតិ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានបង្ហាញថា ក្នុងចំណោមជនភៀសខ្លួនអ៊ុយក្រែនជាង ១លាននាក់ ដែលបានមកប្រទេសអាល្លឺម៉ង់ ដើម្បីគេចចេញពីសង្រ្គាម ចំនួន៤៤ភាគរយ ចង់ស្នាក់អាស្រ័យនៅក្នុងប្រទេសនេះ។

ចំនួននេះគឺខ្ពស់ចំនួនជនភៀសខ្លួនអ៊ុយក្រែនជាង ៣៩ភាគរយ ដែលបាននិយាយថា ពួកគេគ្រោងនឹងស្នាក់នៅទីនេះ ក្នុងការស្ទង់មតិពីមុន ដែលបានចេញផ្សាយនៅចុងរដូវក្តៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកដែលត្រូវបានស្ទង់មតិ ក្នុងការស្ទង់មតិថ្មីនេះ ចំនួន ១៨ភាគរយ រកការងារធ្វើបាន ដោយចំនួននេះ កើនឡើងតែបន្តិចប៉ុណ្ណោះពីចំនួន ១៧ភាគរយ នៅចុងរដូវក្ដៅឆ្នាំ២០២២។
ហេតុផលដែលបានផ្តល់ឲ្យសម្រាប់ការស្ទង់មតិនេះ មានការរួមចំណែកយ៉ាងខ្ពស់ពីការធ្វើសមាហរណកម្ម និងការបើកវគ្គសិក្សាភាសាដែលមានបំណងជំរុញជនភៀសខ្លួនទាំងនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានការងារ។ ចំនួន ៣ភាគ៤នៃជនភៀសខ្លួន បានចូលរៀនវគ្គសិក្សាភាសាអាល្លឺម៉ង់ ឬបានបញ្ចប់ការសិក្សារួចហើយ។
តែយ៉ាងណាក្ដី ការស្ទង់មតិបានបង្ហាញថា សម្រាប់ស្ត្រីមានកូន ការស្វែងរកការងារធ្វើ មានការលំបាកជាង។ បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសរបស់ខ្លួន កាលពីដើមឆ្នាំ២០២២ ស្ត្រីអ៊ុយក្រែនពាក់កណ្តាល ដែលបានមកប្រទេសអាល្លឺម៉ង់ ក្នុងនាមជាជនភៀសខ្លួន មានកូនយ៉ាងហោចណាស់ម្នាក់។

ការស្ទង់មតិដែលរួមបញ្ចូលទាំងការឆ្លើយតបរបស់ជនភៀសខ្លួនអ៊ុយក្រែន ៧.០០០នាក់ ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាកិច្ចប្រឹងប្រែងរួមគ្នារបស់វិទ្យាស្ថាន DIW Berlin នៅក្រុងប៊ែរឡាំង វិទ្យាស្ថានស្រាវជ្រាវការងារ (IAB) ក្រសួងសម្រាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ព្រមទាំងវិទ្យាស្ថានសហព័ន្ធ ដើម្បីការស្រាវជ្រាវចំនួនប្រជាជនផងដែរ៕