ឥណ្ឌា៖ រដ្ឋមន្ត្រីប្រចាំរដ្ឋរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា រដ្ឋធានីញូវដែលីរបស់ប្រទេសនេះ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានចាប់ផ្តើមជម្លៀសអ្នកស្រុករាប់រយនាក់ ដោយសារហានិភ័យប្រឈមនឹងទឹកជំនន់ ខណៈដែលការធ្លាក់ភ្លៀងខ្លាំង បានធ្វើកម្រិតទឹកឡើងខ្ពស់នៅក្នុងទន្លេដែលហូរកាត់ទីក្រុងនេះ។
រដ្ឋន្ត្រីប្រចាំរដ្ឋលោក Arvind Kejriwal បាននិយាយថា ទឹកទន្លេ Yamuna បានឡើងលើសពី«ចំណុចប្រកាសអាសន្ន» ហើយបានលិចលង់តំបន់ជាប់គ្នាមួយចំនួន នៅក្នុងរដ្ឋធានី ដែលមានប្រជាជនស្នាក់នៅ ២០លាននាក់នេះ ដោយលោកបានបន្ថែមថា កម្រិតទឹកបានឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល ៤៥ឆ្នាំ។

នៅថ្ងៃពុធនោះ ប្រជាជនដែលរស់នៅក្នុងលំនៅឋានបណ្ដោះអាសន្នជាប់មាត់ទន្លេ បានដឹករបររបស់ប្រើប្រាស់របស់ពួកគេតាមកង់ និងត្រាក់ទ័រ ហើយបានផ្លាស់ទៅជំរំសង្គ្រោះមួយចំនួន ក្នុងចំណោមជំរំសង្គ្រោះ ២.៥០០កន្លែង ដែលបានបង្កើតឡើងក្នុងទីក្រុងនេះ។
ក្នុងខណៈដែលបានស្នើឲ្យអ្នកដែលរស់នៅក្បែរទន្លេជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ លោក Kejriwal បានប្រាប់អ្នកសារព័ត៌មានថា៖ «កម្រិតទឹកកំពុងបន្តឡើង ហើយមានស្ថានភាពដូចទឹកជំនន់ នាពេលនេះ។ កម្រិតនោះទំនងជានឹងបន្តឡើងបន្ថែមទៀត»។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ទីក្រុងដេលី មានទឹកភ្លៀងខ្លាំងលើសពីមធ្យម ១១២ភាគរយ រហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលទីក្រុងបានឲ្យដឹងថា របាំងត្រូវបានសាងឡើងនៅតំបន់ Civil Lines ដែលជាកន្លែងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីមួយចំនួនរួមទាំងលោក Kejriwal រស់នៅ ដើម្បីការពារទឹកទន្លេដែលកំពុងឡើង កុំឲ្យជន់លិចផ្លូវថ្នល់៕

