បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពុំមានសិទ្ធិសម្រាកនោះទេ ព្រោះជាប់កាតព្វកិច្ចបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រោះបើមានការធ្វេសប្រហែសតែបន្តិច គណបក្ស ដែលដេកសន្យា នឹងស្រែករិះគន់និងវាយប្រហារភ្លាម ។
តាមរយៈវីដេអូឃ្លីប រយៈពេលជាងបីនាទី ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមតេលេក្រាម និង ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើការងារច្រើន រមែងក៏នឹងមានការខុសដែរ លើកលែងតែអ្នកអត់ធ្វើសោះ គេស្រួលសន្យា ស្រួលកើបយកអ្វី ដែលជាចំណុចខ្សោយរបស់អ្នកធ្វើ ។ តែយ៉ាងណាក៏ដោយ ឯកឧត្ដម បានជំរុញមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តធ្វើឲ្យសកម្មបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងផងដែរ អំពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សប្រឆាំង នៅក្នុងរាជធានីភ្នំពេញ គឺដោយសារតែភាពមិនត្រូវគ្នាក្នុងចំណោមថ្នាក់ដឹកនាំរបស់បក្សនេះ ដោយធ្វើឱ្យ ជើងក្រោមរបស់គេអស់ក្តីសង្ឃឹម ហើយងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយមួយវិញទៀត ដោយសារគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុងអំឡុងពេលកូវីដ-១៩ ទាំងសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរ ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារអាយុជីវិតរបស់ប្រជាជន ទើបពួកគេងាកមកគាំទ្របក្សប្រជាជនកម្ពុជាវិញ ៕អត្ថបទ៖ បាន ចក់