កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញការពេញចិត្ត ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសុខសន្តិភាព និងខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ទាំងនៅទីក្រុង និងទីជនបទ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានលើកឡើងថា ការដាក់ចេញនូវគោលនយោ បាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ទើបធ្វើឲ្យភូមិ-ឃុំ របស់ពួកគេមានការរីកចម្រើន ហើយ សមិទ្ធផលជាច្រើន បានផុសឡើងពីមួយអាណត្តិ ទៅមួយអាណត្តិ និងធ្វើឲ្យការប្រកបរបរទទួលទានរបស់ ពួកគេ កាន់តែងាយស្រួលជាងមុន ។
ពលរដ្ឋបន្តថា ជាក់ស្ដែងក្នុងមូលដ្ឋានរបស់ពួកគាត់ ទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវបេតុង សាលារៀន និងការបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវជាដើម ដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល ហើយសូមថ្លែងអំណរគុណផងដែរ ទៅក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ ឲ្យកាន់តែរីកចម្រើន ។
ក្នុងពេលចុះជួបសំណេះសំណាល បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងការផ្សព្វផ្សាយគោលនយោបាយគណបក្ស នៅឃុំទងត្រឡាច នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច បានប្ដេជ្ញាបន្តចូលរួមអភិវឌ្ឍ ក្នុងមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន ដើម្បីឆ្លើយតបនឹងការបោះឆ្នោតគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំអនុវត្តតាមកម្មវិធីនយោបាយ ដែលបានដាក់ចេញ ។
ជាមួយនេះ ឯកឧត្តម បានអំពាវនាវបន្ថែមទៅប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោតឲ្យបានរួចរាល់ ខណៈការបោះឆ្នោតកាន់តែកៀកខិតជិតមកដល់ ហើយសូមពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បាននាំមកនូវសុខសន្តិភាពជូនជាតិ ប្រជាពលរដ្ឋ ហើយរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕អត្ថបទ៖ បាន សុខរិទ្ធិ