រុស្ស៊ី៖ ប្រធានសភាលោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) ថា ប្រទេសរុស្ស៊ីគ្រោងនឹងដាក់បង្ហាញគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូ ដែលខ្លួនបានបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន ខាងក្រៅស្ថានទូតនៃប្រទេសលោកខាងលិចដែលបានផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទាំងនេះ។
លោក Volodin ដែលបានចេញបញ្ជាឲ្យរៀបចំការតាំងបង្ហាញបែបនេះ បាននិយាយថា៖ «សំណើដំឡើងគ្រឿងយុទ្ធោបករណ៍ដែលត្រូវបានឆេះខ្ទេចនៅជាប់ស្ថានទូតនៃប្រទេសទាំងនោះ ដែលបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះទៅអ៊ុយក្រែន គឺជារឿងគួរឲ្យចាប់អារម្មណ៍ជាពិសេស»។

ជាមួយគ្នានេះ មន្ត្រីរបស់រុស្ស៊ី បានរិះគន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនោះ ប្រឈមនឹងការអូសបន្លាយជម្លោះឲ្យកាន់តែយូរ និងបណ្តាលឲ្យមានការប្រយុទ្ធកើនឡើងបន្ថែមទៀត។
ប្រទេសអ៊ុយក្រែនបានស្នើសុំអាវុធ ដើម្បីការពារខ្លួន និងវាយដណ្តើមយកមកវិញនូវទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីមានការលុកលុយរបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាន និងកំពុងជួបជាមួយបណ្ដាមេដឹកនាំមកពីសម្ព័ន្ធមិត្តរបស់អង្គការ NATO ដែលមានសមាជិកចំនួន ៣១ប្រទេស នៅសប្តាហ៍នេះ ក្នុងគោលបំណងទទួលបាននូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែង៕
