ភ្នំពេញ៖ ក្នុងអន្តរកាលកូវីដ-១៩ និងគិតមកដល់ពេលនេះ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលអ្នកជំងឺកូវីដ-១៩ សម្រាកសរុបចំនួន៣,៥៥២នាក់ និងធ្វើសំណាកបានចំនួន ៧៤,១២៦សំណាក និងធ្វើតេស្តរហ័សបានចំនួន៦២,២២៦តេស្ត។
ការថ្លែងរបស់ឯកឧត្តម សាស្ត្រាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត យ៉ាងដូច្នេះ ក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ដែលបានរួមចំណែកប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី , នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានរំលឹកអំពីប្រវត្តិ ស្ថានភាព និងសមិទ្ធិផលចម្បងៗក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យ ជាច្រើនដែលសម្រេចបានដូចខាងក្រោម៖ ១. ចាប់ផ្តើមពីដំណាក់កាលដំបូង នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលរួម និងដើរតួនាទីសំខាន់លើការងារទប់ស្កាត់ការព្យាបាល ការចាក់វ៉ាក់សាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទទួលអ្នកជំងឺកូរីដ-១៩ ធ្វើសំណាក និងធ្វើតេស្តរហ័ស ហើយក្រុមគ្រូពេទ្យយើងក៏ចូលរួមចំណែកជួយបណ្តុះបណ្តាលដល់ក្រុមគូ្រពេទ្យ គិលានុបដ្ឋាក នៅតាមបណ្តាខេត្តនានាផងដែរ។
ក្នុងនោះផងដែរក្រុមគ្រូពេទ្យ ជំនាញដែលបានដឹកនាំព្យាបាលនៅមជ្ឈមណ្ឌលនានា ក៏បានទទួលនូវការទុកចិត្ត និងលើកទឹកចិត្តឲ្យក្លាយ ជាថ្នាក់ដឹកនាំនៅមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួនផងដែរ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបានគិតគូរហ្មត់ចត់ និងបានលើកទឹកចិត្ត ព្រមទាំងផ្តល់ មធ្យោបាយគ្រប់បែបយ៉ាងដល់មន្ត្រី និងអង្គភាពក្រោមឱវាទ និងពាក់ព័ន្ធទាំងអស់។
ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ នាយកមនី្ទរពេទ្យ បានសង្កត់ធ្ងន់ថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ អ្វីៗបានដំណើរការធម្មតាឡើងវិញ ក្នុងនោះគ្រប់បណ្តាផ្នែកទាំងអស់ក្នុងមនី្ទរពេទ្យ បានផ្តល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋគ្រប់ជំនាញ ទន្ទឹមនឹងនោះមនី្ទរពេទ្យក៏បានអភិវឌ្ឍន៍ ដោយមានការគាំទ្រ ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ផ្នែកទាំងអស់ មានអគារថ្មី បំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តថ្មីបន្ថែម ដែលកំពុងដំណើរការរាល់ថ្ងៃ ដើម្បីឲ្យការផ្តល់សេវាថែទាំ កាន់តែមានប្រសិទ្ធភាព។ ជាពិសេសមនី្ទរពេទ្យ កំពុងសាងសង់អគារថ្មីមួយបន្ថែមទៀត មានកម្ពស់១០ជាន់ ដែលជាថវិការបស់រាជរដ្ឋាភិបាល។
ដោយឡែកក្រុមការងារគ្រូពេទ្យរបស់យើង ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាមួយដែលមានបញ្ហាសុខភាពនោះ មិនទទួលបានការព្យាបាលជំងឺនោះទេ៕អត្ថបទ រដ្ឋា







