អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វែន ឌូចារិក (Stephane Dujarric) បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា អគ្គលេខាធិការUN លោកអង់តូនី ហ្គុយតឺរេស ( Antonio Guterres) បានផ្ញើលិខិតមួយច្បាប់ជូនលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃទី១១ ខែកក្កដា ដោយស្នើនូវមធ្យោបាយឆ្ពោះទៅមុខសម្រាប់ការអនុវត្តផ្នែកនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។

លោក បាននិយាយថា៖«គោលបំណង គឺដើម្បីដកចេញនូវឧបសគ្គដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈធនាគារកសិកម្មរុស្សី ដែលជាការព្រួយបារម្ភដ៏ធំមួយ ដែលបង្ហាញដោយសហព័ន្ធរុស្ស៊ី ហើយក្នុងពេលដំណាលគ្នា អនុញ្ញាតឱ្យមានការបន្តលំហូរគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ។

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កញ្ចប់ឯកសារអំពីការផ្គត់ផ្គង់អាហារ និងជីទៅកាន់ទីផ្សារអន្តរជាតិត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល។ ពីដំបូងឡើយ កិច្ចព្រមព្រៀងត្រូវបានបញ្ចប់រយៈពេល ១២០ថ្ងៃ ក្នុងខែវិច្ឆិកាឆ្នាំមុន កិច្ចព្រមព្រៀងទាំងនោះ ត្រូវបានបន្តសម្រាប់រយៈពេលដូចគ្នា។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ ប្រទេសរុស្ស៊ី បានប្រកាសបន្ថែមពេលវេលា ៦០ថ្ងៃនៃកិច្ចព្រមព្រៀង ដោយព្រមានថា នេះនឹងជាពេលវេលាគ្រប់គ្រាន់ ដើម្បីវាយតម្លៃការអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ។ នៅថ្ងៃទី ១៨ ខែឧសភា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្តរយៈពេលពីរខែទៀតរហូតដល់ថ្ងៃទី១៧ ខែកក្កដា៕
