បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ទីតាំងផ្ទះ ៤ខ្នងនៅស្រុករុក្ខគិរីបន្ទាប់ពីរកឃើញករណីឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបញ្ជាឱ្យបិទខ្ទប់ទីតាំងផ្ទះ ៤ខ្នងនៅភូមិអូររំចេក ស្ថិតក្នុងឃុំបាសាក់ ចាប់ពីថ្ងៃម្សិលមិញនេះរហូតដល់មានសេចក្ដីសម្រេចជាថ្មី។
អាជ្ញាធរខេត្តបាត់ដំបង បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នបែបនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បន្ទាប់ពីរកឃើញយុវតីម្នាក់អាយុ ១៩ឆ្នាំ បានឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចដដែលនេះ អាជ្ញាធរខេត្តបាត់ដំបងសម្រេចហាមឃាត់ការចេញ-ចូលទីតាំងផ្ទះទាំង ៤ខ្នងនេះ ហើយអាជ្ញាធរបន្តស្រាវជ្រាវរកមនុស្សផ្សេងទៀតដែលពាក់ព័ន្ធនឹងយុវតីអាយុ ១៩ឆ្នាំដែលបានឆ្លងមេរោគកូវីដ-១៩។
យុវតីអាយុ ១៩ឆ្នាំរូបនេះ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងប្រកាសកាលពីថ្ងៃម្សិលមិញថា ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីបានវិលត្រឡប់ពីភ្នំពេញទៅស្រុកកំណើត៕អត្ថបទ ៖ សុធី

