ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា បន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងអាជីវករលក់ដូរនៅក្នុងផ្សារបឹងបៃតង នៅសង្កាត់គោកឃ្លាង។
ក្នុងថ្ងៃទី១៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ ព្រមទាំងពន្យល់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនឹងនោះឯកឧត្តម ម៉ម ប៊ុនហេង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ដើម្បីដឹកនាំប្រទេសរយៈពេល៥ឆ្នាំតទៅមុខទៀត។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលដ្ឋ ដែលបានឃើញច្បាស់ហើយសកម្មភាពសមិទ្ធផលលើគ្រប់វិស័យ និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត ពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់គ្នាកុំបីខាន ដើម្បីធានាការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។
ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារបឹងបៃតង បុណ្យឲ្យតែដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ភ្លាមៗនោះទេ គឺដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ឥតឈប់ឈរ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរ។
នាឱកាសនោះក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង សូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទីដែលបានផ្តល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ធ្វើឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបម្រើប្រទេសជាតិ តាំងពីដំណាក់កាល សង្រ្គោះជាតិ ពីរបបប្រល័យពូជសាសន៍រហូតមកដល់បច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕ អត្ថបទ៖ រដ្ឋា

















