
ប្រធាននាយកដ្ឋានបរិស្ថាន និងអេកូឡូស៊ីក្រុងហុងកុង បាននិយាយថា ទីក្រុងរបស់លោកនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន ១០របស់ជប៉ុន បើសិនជាទីក្រុងតូក្យូ បន្តផែនការបញ្ចេញទឹកវិទ្យុសកម្មបន្សាប ពីរោងចក្រនុយក្លេអ៊ែររងការបំផ្លិចបំផ្លាញ Fukushimaចូលទៅក្នុងមហាសមុទ្រ ។
លោក Tse Chin-wan គឺជាប្រធាននាយកដ្ឋានបរិស្ថាន និងអេកូឡូស៊ីក្រុងហុងកុង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការហាមឃាត់ នឹងរួមបញ្ចូលទាំងការនាំចេញផលិតផលរស់ ក្លាសេ សម្ងួត ឬផលិតផលស្រស់ អំបិល និងសារាយសមុទ្រដែលមិនទាន់កែច្នៃ ឬកែច្នៃរួច ។
វិធានការបែបនេះ បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយមេដឹកនាំហុងកុងលោក John Lee និយាយថា ទីក្រុងរបស់លោកនឹងហាមឃាត់ផលិតសមុទ្រមកពីខេត្តជាច្រើនរបស់ជប៉ុន បើសិនជាទីក្រុងតូក្យូ បន្តបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរ ។
គួរឲ្យដឹងថា ទីក្រុងហុងកុង គឺជាទីផ្សារធំបំផុតលំដាប់ទី ២របស់ជប៉ុន បន្ទាប់ពីចិនដីគោក សម្រាប់ការនាំចេញផលិតផលកសិកម្ម និងនេសាទ ។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា កាលពីឆ្នាំ ២០២២ ជប៉ុនបាននាំចេញផលិតផលនេសាទតម្លៃ ៥៣៦លានដុល្លារទៅកាន់ហុងកុង ៕