
អ្នកការទូតប្រទេសប្រ៊ុយណេ និងនូវ៉ែលហ្សេឡង់ បានអំពាវនាវឱ្យមានការរួបរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍ (១៣ កក្កដា)នេះ ស្របពេលមានការសង្ស័យអំពីសមត្ថភាពរបស់ប្លុកនេះក្នុងការដោះស្រាយបញ្ហាប្រឈមសម្រូងសម្រាសបំផុតនៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រ៊ុយណេលោក Erywan Yusof បានអះអាងពីការប្តេជ្ញាចិត្តរបស់ប្រទេសនូវ៉ែលហ្សេឡង់ក្នុងការគាំទ្រគោលគំនិតជាកណ្តាលរបស់អាស៊ាន ខណៈដែលរដ្ឋមន្ត្រីការបរទេសនូវ៉ែលហ្សេឡង់លោកស្រី Nanaia Mahuta បាននិយាយថាកិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើងដើម្បីពង្រឹងការរួបរួម ទោះបីជាពិភពលោកកំពុងប្រឈមនឹង "ពេលវេលាដ៏លំបាក" ក៏ដោយ។
ការជួបជុំអាស៊ានធ្វើឡើងនៅពេលដែលការអត់ធ្មត់មានសភាពស្ដួចស្តើងក្នុងចំណោមសមាជិកទាំង១០ប្រទេសរបស់ខ្លួនជុំវិញការបដិសេធរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាក្នុងការបញ្ឈប់អរិភាព និងចាប់ផ្តើមការសន្ទនារួមបញ្ចូល ដូចដែលបានយល់ព្រមដោយឧត្តមសេនីយកំពូលរបស់របបយោធានោះកាលពីខែមេសា ឆ្នាំ២០២១។
ក្នុងអំឡុងពេលវេទិកាប្រជុំសប្តាហ៍នេះ ឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានក៏កំពុងព្យាយាមពន្លឿនកិច្ចពិភាក្សាស្តីពីក្រមប្រតិបត្តិដែលជាប់គាំងជាយូរមកហើយនៅលើសមុទ្រចិនខាងត្បូង។ កិច្ចពិភាក្សានេះនឹងជំរុញការប្តេជ្ញាចិត្តកាលពីឆ្នាំ២០០២ដោយប្លុកនេះ និងប្រទេសចិនក្នុងការបង្កើតច្បាប់មួយដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ៕