
រុស្ស៊ី និយាយថា កិច្ចប្រជុំកំពូលចុងក្រោយរបស់អង្គការណាតូ បង្ហាញថា សម្ព័ន្ធមិត្តលោកខាងលិច បានវិលត្រឡប់មករកគម្រោងសង្រ្គាមត្រជាក់វិញ ហើយទីក្រុងម៉ូស្គូ ត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបនឹងការគំរាមកំហែងបែបនេះ តាមគ្រប់មធ្យោបាយដែលចាំបាច់ទាំងអស់ ។
សេចក្តីអធិប្បាយរបស់រុស្ស៊ី បានកើតមាន ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenនិយាយនៅចុងបញ្ចប់កិច្ចប្រជុំកំពូលអង្គការណាតូកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinឈ្លក់វង្វេងទាំងងងឹតងងល់នឹងអំណាច និងទឹកដី ហើយគាត់យល់ខុសយ៉ាងធ្ងន់ធ្ងរចំពោះដំណោះស្រាយរបស់ប្លុកយោធាមួយនេះ ដើម្បីគាំទ្រអ៊ុយក្រែន ។
គួរឲ្យដឹងថា លោក Bidenបាននិយាយនៅចុងបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនៅរដ្ឋធានី Vilnius ប្រទេសលីទុយអានី ថា ពេលដែលលោក Putin និងការឈ្លក់វង្វែងទាំងងងឹតងងល់នឹងអំណាច និងទឹកដីរបស់គាត់ បង្កឲ្យមានសង្រ្គាមដ៏ឃោរឃៅរបស់គាត់នៅអ៊ុយក្រែន គាត់គិតថា គាត់ប្រហែលជាអាចបំបែកបំបាក់សម្ព័ន្ធមិត្តណាតូបានហើយ ប៉ុន្តែគាត់គិតខុស ។
លោកបន្តថា ណាតូកាន់តែខ្លាំងជាងមុន កាន់តែមានថាមពលជាងមុន ហើយកាន់តែសាមគ្គីគ្នាជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។ ជាការពិតណាស់ថា វាកាន់តែចាំបាច់ចំពោះអនាគតរួមគ្នារបស់ពួកយើង ។
ក្រសួងការបរទេសរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃពុធថា លទ្ធផលនៃជំនួបរបស់អង្គការណាតូ នឹងត្រូវវិភាគដោយប្រុងប្រយត្នសម្រាប់ការគំរាមកំហែងចំពោះសន្តិសុខរបស់រុស្ស៊ី ៕