
ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយរបស់ចិន បានបាញ់បង្ហោះរ៉ុក្កែតឧស្ម័នអុកស៊ីហ្សែនមេតានរាវដំបូងគេរបស់ពិភពលោកទៅកាន់គន្លងតារាវិថី ដោយយកឈ្នះលើដៃគូប្រកួតប្រជែងពិភពលោករបស់ខ្លួន រួមទាំងក្រុមហ៊ុនអាវកាស SpaceX របស់លោក Elon Musk ផងដែរ។
គ្រាប់រ៉ុក្កែតនេះបង្កើតឡើងដោយក្រុមហ៊ុនLandSpace ជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan(ជីវឈ័ន) ក្នុងខេត្តកាន់ស៊ូ (Gansu) របស់ប្រទេសចិនកាលពីថ្ងៃពុធ ដោយនាំយកការសាកល្បងដោយជោគជ័យទៅកាន់ទីអវកាស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ការហោះហើរនេះមានរយៈពេល៧៥០វិនាទី ដោយនាំយករ៉ុក្កែតឈ្មោះZhuque-2 ចូលទៅក្នុងគន្លងកម្ពស់ប្រហែល៥០០គីឡូម៉ែត្រ (៣១០ ម៉ាយ) ពីលើផែនដី។ ការសាកល្បងជោគជ័យនេះកើតឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យដោយក្រុហ៊ុន LandSpace កាលពីចុងឆ្នាំ២០២២ នៅពេលដែលបញ្ហាបច្ចេកទេសជាមួយដំណាក់កាលទីពីររបស់រ៉ុក្កែតបានរារាំងការបាញ់បង្ហោះលើកមុន។
ទីក្រុងប៉េកាំងបានមើលឃើញភាពជឿនលឿនដ៏សំខាន់នៅក្នុងកម្មវិធីអវកាសសាធារណៈ និងឯកជនរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីភ្នាក់ងារអវកាសចិន(CMSA) បានចាប់ផ្តើមម៉ូឌុលដំបូងនៃស្ថានីយអវកាស Tiangong របស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីកាលពីឆ្នាំ២០២១ និងគ្រោងបេសកកម្មជាច្រើនទៀតនៅឆ្នាំ២០២៤។ លោក Zhang Hailian វិស្វកររបស់ទីភ្នាក់ងារអវកាស CMSA បាននិយាយថា ទីភ្នាក់ងារនេះក៏សង្ឃឹមផងដែរក្នុងការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ២០៣០៕