
ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា "ប្រមូលផ្តុំគ្នាប្រឆាំង" និងបង្ខំឱ្យខ្លួនទទួលយកសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មឆ្នាំ២០១៦ ជុំវិញការទាមទារនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់នូវអ្វីដែលខ្លួនហៅថាការយាយីជាប្រចាំរបស់ខ្លួន ចំពោះនាវាប្រទេសដទៃទៀតនៅក្នុងតំបន់សមុទ្រនេះ។
សេចក្តីសម្រេចដែលត្រូវបានប្រគល់ដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅទីក្រុងឡាអេកាលពី៧ឆ្នាំមុនបានសន្និដ្ឋានថា ការអះអាងសិទ្ធិរបស់ប៉េកាំងនីសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលនោះគឺគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។
ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា "សហរដ្ឋអាមេរិកចងភ្ជាប់ជាមួយសម្ព័ន្ធមិត្តដើម្បីដោះស្រាយបញ្ហានេះជារៀងរាល់ឆ្នាំក្នុងថ្ងៃខួបនៃសេចក្ដីសម្រេចខុសច្បាប់ដើម្បីប្រឆាំងជាមួយចិន និងដាក់សម្ពាធ ព្រមទាំងបង្ខំឱ្យប្រទេសចិនទទួលយកសេចក្ដីសម្រេចនោះទៀតផង" ។ ស្ថានទូតបានហៅក្រុងវ៉ាស៊ីនតោនថាជា "មេក្លោង" នៅពីក្រោយតុលាការមជ្ឈត្តកម្មនេះ។
ប្រទេសចិន ដែលសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺជាកម្មវត្ថុនៃការតវ៉ាផ្នែកការទូតរាប់រយដងដែលប្តឹងដោយហ្វីលីពីន ក៏បានអះអាងផងដែរថា ខ្លួនមិនទទួលយកការអះអាងសិទ្ធិ ឬចំណាត់ការណាមួយដោយផ្អែកលើការសម្រេចនោះទេ៕