ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប. បានប្រកាសថា ថ្ងៃទី១៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនានា បានបន្តប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ខណៈមានគណបក្សនយោបាយចំនួន១១បានធ្វើ សកម្មភាពឃោសនា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. បានបញ្ជាក់ថា ស្ថានភាពទូទៅ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទីដប់បីនៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សនយោបាយ ចំនួន ១១ បានធ្វើ សកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានតែគណបក្សយុវជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានធ្វើ ការហែក្បួននៅមណ្ឌលរាជធានីភ្នំពេញ។
គ.ជ.ប.បានលើកឡើងទៀតថា ចំណែកគណបក្សនយោបាយ ចំនួន១០ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស បំណងពលរដ្ឋ គណបក្សស្តីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្ស សញ្ញាតិកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈ សកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅ ទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅ ទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោត ដែលខ្លួនឈរឈ្មោះ។
យ៉ាងណាក៏ដោយនិយាយជារួម«ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា»។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំ ណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ក្នុងក្របខណ្ឌប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕ ដោយ ៖ បាន ចក់



