
ភ្នំពេញ ៖ ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថា ខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា កន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹ ងទុកថា នៅពេលដែលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។ នេះបើតាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានផ្សព្វផ្សាយនៅក្នុងតេលេក្រាមផ្លូវការរបស់សម្ដេចនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តដោយក្រើនរម្លឹកទៅក្រុមពួកតិរច្ឆានទាំងនោះថា សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម។
លោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខរបស់ថៃ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ដោយលោកទទួលបានសំឡេងគាំទ្រពីសភាត្រឹមតែ ៣២៤ សំឡេងតែប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន
