បាត់ដំបង៖ឯកឧត្តម អង្គវង្ស វឌ្ឍានា ប្រធាន និងឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមោងឫស្សី បានដឹកនាំក្រុមការងារ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សរៀបចំយុទ្ធនាការបៃតងសន្តិភាពដើម្បីដាំដើមឈើរាប់ម៉ឺនដើមនៅក្នុងមូលដ្ឋានស្រុកមោងឫស្សីសំដៅលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។
ក្នុងយុទ្ធនាការបៃតងសន្តិភាពមោងឫស្សី នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម កើត រិទ្ធ បានថ្លែងឱ្យដឹងថា យុទ្ធនាការបៃតងសន្តិភាព ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទររុក្ខទិវា៩ កក្កដា ប្រែក្លាយទេសភាពស្រុកមោងឫស្សីឱ្យមានភាពបៃតងស្រស់ត្រកាល បំផុសឱ្យប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សស្រឡាញ់ដើមឈើ។
ឯកឧត្តម កើត រិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សា និងបង្កើនការដាំដើមឈើបន្ថែមទៀតនៅតាមមូលដ្ឋាន ព្រោះការដាំដើមឈើច្រើនបង្កើតបានភាពត្រជាក់ត្រជុំ ទប់ទល់ការប្រែប្រួលអាកាសធាតុដែលកាន់តែក្ដៅឡើង ជាពិសេសដើមឈើផ្ដល់ខ្យល់អុកស៊ីសែនជំនួយដល់សុខភាព។
មានប្រសាសន៍នៅក្នុងពិធីនេះដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី បានមានគូសបញ្ជាក់ថា យុទ្ធនាការ "បៃតងសន្តិភាពមោងឫស្សី" ត្រូវបានរៀបចំឡើងក្នុងពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍឥតឈប់ឈរ។ កត្តាសុខសន្តិភាពបានផ្តល់ឱកាសឱ្យក្រុមការងារចុះជួយស្រុកមោងឫស្សី អាចរៀបចំនូវព្រឹត្តិការណ៍ជាច្រើននៅក្នុងស្រុកមោងឫស្សី នាពេលកន្លងមក។
ពាក់ព័ន្ធនឹងយុទ្ធនាការបៃតងសន្តិភាពមោងឫស្សីនេះ ឯកឧត្តម កេង សុម៉ារិទ្ធ សមាជិកក្រុមការងារយុវជនប្រចាំស្រុកមោងឫស្សី បានថ្លែងឱ្យដឹងថា កូនឈើដែលនឹងត្រូវដាំនៅក្នុងមូលដ្ឋានស្រុកមោងឫស្សីមានចំនួន១៥ ០០០ដើម មានដូចជាប្រភេទដើមក្ងោក ធ្នង់ ឈើទាល គគីរ និងបេងជាដើម។
សូមបញ្ជាក់ថា យុទ្ធនាការបៃតងសន្តិភាពនេះ នឹងធ្វើការដាំដើមឈើដោយចែកចេញជា៣ដំណាក់កាលគឺ៖ ដំណាក់កាលទី១.ដាំតាមបណ្ដោយផ្លូវជាតិក្នុងភូមិសាស្រ្តស្រុកមោងឫស្សីដែលមានប្រវែង៤៣គីឡូម៉ែត្រ
ដំណាក់កាលទី២.ដាំពីផ្លូវបំបែកចេញពីផ្លូវជាតិចូលទៅតាមបណ្ដាឃុំនីមួយៗ និង
ដំណាក់កាលទី៣.ដាំនៅតាមទីធ្លាសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម៕ ដោយ ៖ សុខរិទ្ធិ














