
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានជំទាស់នឹងការជំរុញរបស់អង្គការណាតូ (NATO) ក្នុងការបើកការិយាល័យទំនាក់ទំនង នៅប្រទេសជប៉ុន ជាការបដិសេធដែលបានបង្ហាញពីភាពមិនចុះសម្រុងគ្នា ក្នុងរង្វង់សម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ។
ដោយមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ ក្រុមសម្ព័ន្ធមិត្តបានសម្លឹងដល់ការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយដៃគូអាស៊ី-ប៉ាស៊ីហ្វិករបស់ខ្លួន។ នេះគឺជាឆ្នាំទី២ ហើយ ដែលមេដឹកនាំនៃប្រទេសអូស្ត្រាលី ជប៉ុន នូវ៉ែលហ្សេឡង់ និងកូរ៉េខាងត្បូង បានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនេះ។
អង្គការណាតូ បានគ្រោងនឹងបើកការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូ ប៉ុន្តែប្រទេសបារាំង បានរារាំងការសម្រេចនេះ ដោយទទូចថា អង្គការណាតូ គួរតែផ្តោតលើការទទួលខុសត្រូវរបស់ខ្លួន ក្នុងការការពារតំបន់ Euro-Atlantic (តំបន់អឺរ៉ុប-អាត្លង់ទិក)។
លោក Macron បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការណាតូ នៅរដ្ឋធានីវីលនីញូស (Vilnius) របស់ប្រទេសលីទុយអានីថា៖ «អ្វីក៏ដោយដែលមនុស្សនិយាយ កត្តាភូមិសាស្ត្រគឺពិបាកដោះស្រាយណាស់។ ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមែនជាអាត្លង់ទិកខាងជើងទេ ដូច្នេះយើងមិនត្រូវចាប់អារម្មណ៍ទេព្រោះថា ទោះយ៉ាងណាក៏ដោយ ក៏អង្គការណាតូកំពុងកសាងភាពស្របច្បាប់ និងបង្កើតវត្តមានតាមបែបភូមិសាស្រ្ត ក្នុងតំបន់ផ្សេងទៀត»។
បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានទទូចថា ការបើកការិយាល័យទំនាក់ទំនងនៅតែស្ថិតក្នុងការពិភាក្សាដដែល៕