ហ្វីលីពីន៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានអង្រួនប្រទេសហ្វីលីពីន ភាគខាងត្បូងកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និង ៣១នាក់ផ្សេងទៀតរងរបួស ខណៈអគារមួយកន្លែងមានកម្ពស់ ៣ជាន់បានបាក់រលំ និងចាប់ផ្ដើមស្វែងរកមនុស្សដែលគេបារម្ភថា បាននឹងកំពុងជាប់នៅខាងក្នុងអគារនេះ នេះបើយោងតាមការឲ្យដឹងពីក្រុមមន្ត្រី។
គ្រោះរញ្ជួយដីមានកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារក្នុងតំបន់មួយនៅចម្ងាយប្រហែល ៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងបាដាដាក្នុងខេត្តដាវ៉ាវឌែលសួមានជម្រៅ ៣០គីឡូម៉ែត្រ នេះបើយោងតាមការឲ្យដឹងពីវិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីរបស់ប្រទេសហ្វីលីពីន។ តំបន់មួយនេះត្រូវបានរងគ្រោះដោយការរញ្ជួយដី ដ៏មានឥទ្ធិពលជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែថ្មីៗនេះ។អភិបាលខេត្តដាវ៉ាវឌែលសួ លោក ឌូក្លាស កាហ្កាស បាននិយាយថា អគារស្នាក់នៅកម្ពស់ ៣ជាន់មួយខ្នង និងហាងលក់គ្រឿងទេសមួយកន្លែងបានបាក់រលំ នៅក្នុងទីប្រជុំជនបាដាដាអំឡុងពេលរញ្ជួយដីនោះ ដែលធ្វើឲ្យជាប់មនុស្សមួយចំនួននៅខាងក្នុង ដែលពុំបានដឹងច្បាស់ពីចំនួនពិតប្រាកដ។ កិច្ចប្រឹងប្រែងស្វែងរក និងសង្គ្រោះកំពុងធ្វើបន្ត លោកបានប្រាប់ដល់ភ្នាក់ងារបណ្ដាញវិទ្យុផ្សាយសំឡេង DZMM ដោយបានថ្លែងថា មនុស្សមួយចំនួនត្រូវបានរងរបួសនៅក្នុងខេត្តរបស់លោក នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕
អត្ថបទ៖ រិទ្ធី

