ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានប្រកាសពីការរកឃើញមនុស្ស ៤នាក់ទៀតនៅស្រុកស្វាយជ្រ បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានកុមារី ២នាក់ និងកម្មការិនីម្នាក់ដែលធ្វើដំណើរវិលត្រឡប់ពីភ្នំពេញ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា ស្ត្រីម្នាក់អាយុ ២៧ឆ្នាំដែលជាកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
បើតាមរដ្ឋបាលខេត្តស្វាយរៀង ស្ត្រីរូបនេះ បានធ្វើដំណើរពីភ្នំពេញកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកនេះ ត្រឡប់ទៅភូមិកំណើតរបស់ខ្លួនស្ថិតនៅក្នុងឃុំតាសួស។
រដ្ឋបាលខេត្តនេះក៏បានឱ្យដឹងទៀតថា ស្ត្រីម្នាក់អាយុ ៥៨ឆ្នាំ និងកុមារី ២នាក់ ម្នាក់អាយុ ៦ឆ្នាំ និងម្នាក់ទៀតអាយុ ១៣ឆ្នាំ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅឃុំក្រោលគោ។
អាជ្ញាធរខេត្តនេះបញ្ជាក់ថា អ្នកឆ្លងមេរោគកូវីដ-១៩ទាំង ៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្វាយជ្រំហើយ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកប៉ះពាល់ ដើម្បីត្រួតពិនិត្យសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក៕អត្ថបទ ៖ សុធី

