
ក្រុមមន្រ្តីនិយាយថា កាលពីថ្ងៃពុធម្សិលមិញ ព្យុះកួចដ៏ខ្លាំងក្លា និងព្យុះផ្គររន្ទះ បានវាយប្រហារលើទីក្រុង Chicago រដ្ឋ Illinois បង្ខំឲ្យអាកាសយានដ្ឋានក្រុង O'Hare និងអាកាសយានដ្ឋានក្រុង Midway បញ្ឈប់ចរាចរណ៍អាកាសទាំងអស់បណ្តោះអាសន្ន ស្របពេលដែលសឺរ៉ែនព្យុះកួច បានរោទិ៍ពេញទីក្រុងធំបំផុតទី ៣របស់សហរដ្ឋអាមេរិកមួយនេះ ។
វីដេអូរបស់សាក្សី ឃើញព្យុះកួចដ៏ធំមួយ បោកបក់ឆ្លងកាត់ផ្ទៃមេឃពីលើភូមិ Westchesterស្ថិតក្នុងទីក្រុង Chicago ។
យ៉ាងហោចណាស់ព្យុះកួចចំនួន ៨លើក បានបោកបក់លើស្រុកចំនួន ៤នៅរដ្ឋភាគឦសាន Illinois ដែលរួមទាំងព្យុះកួច ៤លើកនៅស្រុក Cook ស្ថិតក្នុងទីក្រុង Chicagoស្របពេលដែលក្រុមមន្រ្តីបានព្រមានឲ្យប្រជាពលរដ្ឋចូលទីជម្រក ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក រាយការណ៍ថា រាល់ការចាកចេញទាំងអស់របស់ជើងហោះហើរពាណិជ្ជកម្មទៅកាន់អាកាសយានដ្ឋានក្រុង O'Hare និងអាកាសយានដ្ឋានក្រុង Midway ពុំត្រូវបានអនុញ្ញាតឲ្យហោះហើរនោះទេ ហើយជើងហោះដែលត្រូវចេញពីអាកាសយានដ្ឋានទាំង ២នេះ ត្រូវបានពន្យាពេលផងដែរ ៕