
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisiទទួលបានការស្វាគមន៍លើកម្រាលព្រំពណ៌ក្រហមមួយទៀតពីសមភាគីរបស់លោកនៅប្រទេសអ៊ុយហ្គង់ដា កាលពីថ្ងៃពុធ ពេលដែលលោកបន្តដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅអាហ្វ្រិក ដែលទីក្រុងតេអេរ៉ង់ ចាត់ទុកថាជាការចាប់ផ្តើមថ្មីនៃទំនាក់ទំនងជាមួយទ្វីបមួយនេះ ។
ដំណើរទស្សនកិច្ចរបស់លោក Raisi ទៅកាន់អាហ្រ្វិកដែលគេបានមើលឃើញរូបលោកធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ាង ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសហ្ស៊ីមបាវ៉េ ដែរនោះ គឺជាដំណើរទស្សនកិច្ចលើកដំបូងធ្វើឡើងដោយប្រធានាធិបតីអ៊ីរ៉ង់ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ហើយវាតំណាងឲ្យការព្យាយាមមួយ ធ្វើឲ្យមានភាពចម្រុះបែបនៃទំនាក់ទំនងពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ជាការប្រឈមទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមរិក ។
លោក Raisi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ជាមួយប្រធានាធិបតីអ៊ុយហ្គង់ដាលោក Yoweri Museveni ហើយលោកនិយាយថា អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ពាក់ព័ន្ធនឹងផែនការចម្រាញ់ប្រេងឆៅ ៦ម៉ឺនបារ៉ែលក្នុង១ថ្ងៃ ។
ដោយឡែក ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា ពួកគេរំពឹងថា ពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាហ្វ្រិក នឹងកើនឡើងជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣នេះ ដោយពួកគេពុំបានផ្តល់តួលេខប្រៀបធៀបសម្រាប់ឆ្នាំ ២០២២នោះទេ ៕