
ភ្នំពេញ៖ តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវរយៈពេលពីរថ្ងៃ ទាក់ទិននិងការចែកចាយវីដេអូអាសអាភាស ដែលធ្វើឲ្យមានការភាន់ច្រឡំថាជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា។
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍អំពីលទ្ធផលបឋម និងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ដោយសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវរកប្រភព នៃការផលិតរូបភាពអាសអាភាសដែលត្រូវបានចែកចាយតាមបណ្ដាញសង្គម។
ក្នុងសំណុំរឿងនៃការចែកចាយវីដេអូអាសអាភាសនោះ នៅក្នុងសេចក្ដីថ្លែងការណ៍អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ពិតជាបានជ្រើសរើសមនុស្សពីរនាក់ គឺស្ត្រីម្នាក់ និងបុរសម្នាក់ ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែល កញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេងសៀ ក្នុងរថយន្តកើតហេតុពិតប្រាកដមែន ព្រមទាំងមានវីដេអូឃ្លីប នៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះជាភស្តុតាងសំអាង ប៉ុន្តែ ពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាសដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមឡើយ។
ឈ្មោះ ឃន ឈុនតារា អាយុ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមបណ្ដាញសង្គម និងបានចែកចាយរូបភាពទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram ឱ្យមនុស្សចំនួន ០៧នាក់ ហើយករណីនេះ ឈ្មោះ ឃន ឈុនតារា បានធ្វើលិខិតសុំអភ័យទោស និងសន្យាថា មិនឲ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។
នៅក្នុងសំណុំរឿងវីដេអូដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនេះដែរ អមសាលាដំបូងរាជធានីភ្នំពេញនៅតែបន្តពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវប្រភពនៃការផលិតរូបភាពអាសអាភាសដែលត្រូវបានចែកចាយលើបណ្ដាញសង្គមនេះ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

