
របាយការណ៍របស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា បំណុលសាធារណៈសកល បានកើនឡើងខ្ពស់បំផុតចំនួន ៩២សែនកោដិ៍ដុល្លារក្នុងឆ្នាំ ២០២២ ស្របពេលដែលរដ្ឋាភិបាលខ្ចីលុយដើម្បីទប់ទល់នឹងវិបត្តិជាច្រើន ដូចជាការរីករាលដាលឆ្លងសកលជំងឺ COVID-19 ក្នុងនោះបន្ទុកយ៉ាងធ្ងន់ធ្ងរបានធ្លាក់ទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។
យោងតាមរបាយការណ៍កាលពីថ្ងៃពុធ ដែលបានចេញមុនកិច្ចប្រជុំរបស់ក្រុមទេសាភិបាលធនាគារកណ្តាល និងក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១៤ ដល់ ទី ១៨ ខែកក្កដា បានឲ្យដឹងថា បំណុលក្នុងស្រុក និងក្រៅស្រុក នៅជុំវិញពិភពលោក បានកើនឡើងជាង ៥ដងក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺលើសពីអត្រាកំណើនសេដ្ឋកិច្ច ក្នុងនោះផលិតផលក្នុងស្រុកសរុប(GDP) កើនឡើងតែ ៣ដងប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ ២០០២រហូតមក ។
អគ្គលេខាធិការ UNលោក Antonio Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីផ្សារទំនងជាមិនរងគ្រោះនោះទេ តែមនុស្សទេដែលរងគ្រោះ ។ បណ្តាប្រទេសក្រីក្រមួយចំនួន នៅលើពិភពលោក បានធ្លាក់ទៅក្នុងជម្រើស២ រវាងការបម្រើបំណុលរបស់ពួកគេ ឬបម្រើប្រជាពលរដ្ឋរបស់ពួកគេ ។
លោកបន្តថា ប្រទេសកំពុងអភិវឌ្ឍន៍ ជំពាក់ជិត ៣០ភាគរយនៃបំណុលសាធារណៈសកល ក្នុងនោះ ៧០ភាគជំពាក់ដោយចិន ឥណ្ឌា និងប្រេស៊ីល ។ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៩ប្រទេស ប្រឈមនឹងអត្រាផលធៀបរវាងបំណុល និង GDPលើសពី ៦០ភាគរយ គឺជាសញ្ញាមួយបង្ហាញពីកម្រិតខ្ពស់នៃបំណុល ៕