ថៃ៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សបោះជំហានទៅមុខ Move Forward Party លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ខែកក្កដា បានបរាជ័យក្នុងការប៉ុនប៉ងក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ។

លោក Pita ទទួលបានសំឡេងគាំទ្រចំនួន៣២៤ ដែលភាគច្រើននៃសំឡេងគាំទ្រចេញពីក្រុមបក្សចម្រុះទាំង៨ របស់លោក បានបរាជ័យសារដោយមានសំឡេងតិចជាង ៣៧៦ ។ ការបោះឆ្នោតជុំទី២ សម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រីគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានសភា លោក វ៉ាន់ មហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានបើកការបោះឆ្នោត សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីនៅម៉ោង ប្រហែល៤ល្ងាច បន្ទាប់ពីការជជែកដេញដោលរយៈពេល៦ ម៉ោង ។
ដំណើរការបោះឆ្នោត នេះ ត្រូវបានធ្វើឡើងដោយបើកចំហ ដោយលទ្ធផលត្រូវបានរាប់ដោយគណៈកម្មការមួយដែលមានសមាជិកចំនួន៦រូប។
ដំណើរការបោះឆ្នោតបានធ្វើឡើងដោយបើកចំហ និងការចុះបញ្ជីតាមអក្ខរក្រមនៃឈ្មោះអ្នកចូលរួម។ សមាជិកសភាសរុបចំនួន ៦៤៦ រូប បានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយរួមមានសមាជិកព្រឹទ្ធសភាចំនួន ២១៦ រូប នាក់និងសមាជិកសភាចំនួន ៤៦០ រូប។ លោក Pita ទទួលបានសំឡេងគាំទ្រ ចំនួន ៣២៤ ខណៈជំទាស់ ១៨២សំឡេង និង អនុបវាទ១៩៩ សំឡេង ។

ក្នុងចំណោមសមាជិកព្រឹទ្ធសភា២៥០រូប ដែលត្រូវបានតែងតាំងដោយយោធា១៣រូប បានបោះគាំទ្រលោក Pita ៣៩ ប្រឆាំង និង ១៥៩ អនុបវាទ ចំណែក សមាជិកព្រឹទ្ធសភាម្នាក់ បានលាលែងពីតំណែង មួយថ្ងៃមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ការបោះឆ្នោតជុំទី២ នឹងធ្វើឡើងនៅថ្ងៃ១៩ ខែកក្កដា និងជុំទី៣នៅថ្ងៃទី២០ កក្កដា។ ក្រោយមក លោក Pita បានប្រាប់ក្រុមអ្នកសារព័ត៌មាន លោកទទួលយកលទ្ធផល នៃការបោះឆ្នោតនេះ តែលោកនឹងមិនបោះបង់ចោលឡើយ ៕