ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ពលរដ្ឋ កម្មករ កម្មការិនី បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ សូមទាក់ទងទៅមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ នឹងទទួលបានអំណោយភ្លាម។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ សូមបងប្អូនទាក់ទងមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់របស់បងប្អូន នោះក្រុមការងារនឹងចែកជូនបងប្អូនភ្លាម រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយមានទាំងស្បៀងអាហាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។
នេះជាការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធររាជធានី ខណ្ឌ និងសង្កាត់ បានយកចិត្តទុកដាក់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
អភិបាលរាជធានី បានលើកឡើងប្រាប់កម្មករ កម្មការិនីថា សម្ដេចតេជោ ហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុនមកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត។ បន្ថែមពីនេះទៀត ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩នេះ សម្ដេចតេជោ បានស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ និងកម្មករជាបន្តបន្ទាប់ថែមទៀត។ មិនថាតែកូវីដ-១៩ ទេ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែន ផងដែរ។ ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោចេញមុខជួយ មិនមែនធ្វើយូរទៅក្រទៅៗនោះទេ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា