កូរ៉េខាងជើង៖ កូរ៉េខាងជើង បានគំរាមសហរដ្ឋអាមេរិក និងអះអាងថា ភាពតានតឹងបានកើនឡើងដល់ដំណាក់កាលនៃវិបត្តិនុយក្លេអ៊ែរលើសពីសម័យសង្រ្គាមត្រជាក់ ខណៈបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលអន្តរទ្វីបបាលីស្ទីក(ICBM) ប្រទេស វាសុង -១៨ (Hwasong-18) ចុងក្រោយបំផុតរបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលពិនិត្យការបាញ់សាកល្បងដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ដោយហោះហើររយៈពេល៧៤នាទី ត្រូវបានបង្ហាញឲ្យឃើញរូបលោកកំពុងទះដៃនិងសើច នៅពេលមីស៊ីលត្រូវបានបាញ់ចេញកាលពីថ្ងៃពុធ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងការអះអាងដ៏ម៉ឺងម៉ាត់មួយ ដោយពុំបានផ្ដល់ភស្តុតាង បាននិយាយថា នេះ គឺជាពេលវេលានៃការផ្ទុះដ៏ធំនៃអាវុធយុទ្ធសាស្ត្រ ដែលបានផ្ទុកពេញ ដោយកម្លាំងនិងបច្ចេកវិទ្យារបស់យើង ដែលបានផ្ទុះឡើងធ្វើឲ្យកក្រើកភពទាំងមូល។

នេះគឺជាការបាញ់សាកល្បងលើកទី២នៃមីស៊ីលឥន្ធនៈរឹង ICBM បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានអះអាងការបាញ់លើកដំបូងរបស់ខ្លួនកាលពីខែមេសា គឺជាជ័យជម្នះប្រកបដោយអភូតហេតុ។
មីស៊ីលឆ្លងទ្វីប Hwasong-18 គឺជាមីស៊ីល ទំនើបជាងមីស៊ីល ICBMs ប្រើដោយឥន្ធនៈរាវ ដែលកូរ៉េខាងជើងធ្វើប្រតិបត្តិការបច្ចុប្បន្ន។ ICBM ប្រើដោយឥន្ធនៈរឹងអាចត្រូវបានបាញ់លឿនជាង និងកាន់តែលំបាកតាមដាននៅពេលបាញ់ទៅកាន់គោលដៅឆ្លងទ្វីបដូចជាសហរដ្ឋអាមេរិក ជាដើម។
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលនេះ បន្ទាប់ពីបានគំរាមបាញ់ទម្លាក់យន្តហោះចារកម្មយោធា អាមេរិក និងបានព្រមានពីផលវិបាក់ដ៏រន្ធត់ ជាច្រើន ប្រសិនបើយន្តហោះទាំងនោះ បន្តហោះហើរជិតដែនអាកាសរបស់ខ្លួន ៕
