ឥណ្ឌា៖ អភិបាលក្រុង និយាយថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាន នៅក្នុងទីក្រុង New Delhi នឹងធ្លាក់ចុះ ១ភាគ៣ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ព្រោះរោងចក្រផលិតទឹកស្អាតចំនួន៣ ត្រូវបានទឹកជន់លិច ខណៈដែលទឹកក្នុងទន្លេយ៉ាម៉ូណា ( Yamuna) ពេញប្រៀបបន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់។

ទន្លេដែលហូរកាត់ទីក្រុងមានប្រជាជនរស់នៅ២០លាននាក់មួយនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤៥ឆ្នាំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ក្នុងរដ្ឋជិតខាតដូចជារដ្ឋ ហារីយ៉ាណា(Haryana) រហូតដល់ភាគខាងជើងប្រទេស។
ទីក្រុងនេះ ក៏បានមើលឃើញភ្លៀងធ្លាក់ខ្លាំងផងដែរ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានទឹកជំនន់ជន់លិចតំបន់ទំនាបនានា ដែលបង្ខំឲ្យមនុស្សរាប់រយនាក់ ស្វែងរកជម្រកសុវត្ថិភាព។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣កក្កដាថា សាលារៀន និងសាកលវិទ្យាល័យនានា ត្រូវបានបិទ បន្ទាប់ពីភ្លៀងរដូវមូសុងច្រើនបំផុតមិនធ្លាប់មាន បង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញផ្លូវថ្នល់ ផ្ដួលរំលើងផ្ទះសម្បែង ប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ធំៗ ភាគខាងជើងឥណ្ឌា ឆក់យកជីវិតមនុស្សជាង១០០នាក់ ក្នុងពេលជាង២សប្ដាហ៍មកនេះ។

រដ្ឋាភិបាលបាននិយាយថា ក្រុមអាជ្ញាធរ បានប្រើឧទ្ធម្ភាគចក្រជួយសង្រ្គោះ មនុស្សជិត៣០០នាក់ ភាគច្រើនជាអ្នកទេសចរ ដែលបានជាប់ក្នុងតំបន់ឆានឌ័រថល(Chandertal) ក្នុងរដ្ឋ ហិម៉ាចាល់ ប្រទេស (Himachal Pradesh) ចាប់តាំងពីថ្ងៃសៅរ៍មក៕