
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋបារាំង អញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងបំពាក់កម្រងផ្កា នៅវិមានអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលទើបសម្ពោធនាព្រឹកនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ជួយកៀរគរទេសចរបារាំងមកលេងនៅកម្ពុជា និងដាក់កម្រងផ្ការំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដើម្បីរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។
សម្តេចតេជោ បានថ្លែងថា «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម លោកលើកទី១»នេះ សម្តេចបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elys-e) ជាមួយលោក អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចរបស់របស់សម្ដេច កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២បារាំង-កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់វិមាននេះឡើវិញបានធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ ឆ្នាំមកហើយនោះ ក្លាយជារាជធានីប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់៕អត្ថបទ៖ វ៉ន ដារ៉ា




