អាហ្សង់ទីន៖ ប្រជាជនអាហ្សង់ទីន កំពុងរឹតបន្តឹងការចាយវាយរបស់ខ្លួន ដើម្បីទុកចំណាយតែលើវត្ថុដែលចាំបាច់ ខណៈប្រទេសអាមេរិកខាងត្បូងមួយ ត្រូវប្រឹងប្រយុទ្ធនឹងអតិផរណាដែលអាចឡើងលើស ១៤០ភាគរយ លើមូលដ្ឋានប្រចាំឆ្នាំ ក្នុងឆ្នាំនេះ ដោយស្វែងរកទំនិញដែលត្រូវការខ្លាំងមានតម្លៃថោក ដែលជាការប្រយ័ត្នប្រយែងចំពោះប្រាក់ចំណូលរបស់ពួកគេ។

បើយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់ប្រទេស ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) បានឲ្យដឹងថា អត្រាអតិផរណាប្រចាំខែរបស់ប្រទេសអាហ្សង់ទីន ស្ថិតនៅកម្រិត ៦,០ភាគរយ ក្នុងខែមិថុនា។ ខណៈដែលប្រទេស នៅឆ្នាំនេះ កំពុងស្ថិតនៅលើផ្លូវក្នុងការបន្តរក្សាការប្រើប្រាស់សាច់អាំងដ៏ខ្ពស់របស់ខ្លួននោះ ការមានតម្លៃថ្លៃ កំពុងធ្វើឲ្យអ្នកប្រើប្រាស់ដកចេញពីជម្រើសត្រូវការរបស់ពួកគេ។
វិបត្តិសេដ្ឋកិច្ចដែលកាន់តែអាក្រក់កាលពីឆ្នាំមុន បានធ្វើឲ្យប្រជាជនចំនួន ៤០ភាគរយ ធ្លាក់ទៅក្រោមបន្ទាត់ក្រីក្រ ហើយនឹងក្លាយជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតបឋម ដើម្បីជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៣ ខែសីហា ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Sergio Massa កំពុងស្វះស្វែងដើម្បីបានក្លាយជាបេក្ខជនរបស់គណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតខែតុលា៕

