ភ្នំពេញ៖ រយៈពេល ១១ឆ្នាំចុងក្រោយ ចាប់រាប់ពីឆ្នាំ ២០១៣ រហូតមកដល់ឆ្នាំ ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាវិនិយោគពីរាជរដ្ឋាភិបាល កើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
ជាក់ស្ដែងនៅឆ្នាំ២០១៣ ក្រសួងអប់រំទទួលបានថវិកាត្រឹមតែបប្រមាណ២៧៣លានដុល្លារ ខណៈដែលឆ្នាំ២០២៣នេះ ក្រសួងអប់រំទទួលបានថវិកាហូតដល់ប្រមាណ៨២០លានដុល្លារ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសចូលរួមផ្សព្វផ្សាយស្ដីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា វិស័យអប់រំ ក្លាយជាវិស័យអាទិភាពខ្ពស់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ដោយបង្កើនថវិកាវិនិយោគជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២៣។ នៅឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាត្រឹមតែប្រមាណ ២៧៣លានដុល្លារប៉ុណ្ណោះ ខណៈឈានដល់ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានវិនិយោគរហូដតល់ប្រមាណ ៨២០លានដុល្លារលើវិស័យអប់រំ។
ភ្ជាប់ជាមួយការវិនិយោគថវិកាកាន់តែច្រើនលើវិស័យអប់រំ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងដែរថាបច្ចុប្បន្ននេះ ក្រសួងក៏កំពុងធ្វើការសម្រួចសកម្មភាពជាអាទិភាព ដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរមុខមាត់ថ្មីក្នុងវិស័យអប់រំ ដោយផ្តោតលើអាទិភាពទាំង៨ចំណុច។ ក្នុងចំណោមអាទិភាពទាំង ៨នេះ ក៏មានការដាក់ចេញនូវកំណែទម្រង់សាលារៀន ការបង្កើនថវិកាដំណើរការសាលារៀន ការបន្តវិនិយោគលើហេដ្ឋារចនាសម័្ពន្ធ សម្ភារៈឧបទេស ក៏ដូចជាការកែលម្អវិធីសាស្រ្តបង្រៀន ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី សាលាគំរូជាដើម។
ក្រសួងអប់រំ ក៏បានផ្តោតការយកចិត្តទុកដាក់លើគ្រូបង្រៀន ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ហើយក៏មានការលើកកម្ពស់បរិវត្តឌីជីថលនៅក្នុងការអប់រំ ដែលផ្តោតលើធនធានឌីជីថល វិធីសាស្រ្តបង្រៀន ថែមទាំងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំឌីជីថលផងដែរ។
លើសពីនេះ ក្រសួងអប់រំក៏បានផ្តោតពង្រឹងលើការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយបន្តវិនិយោគលើអគារធនធាន បន្ទប់ពិសោធន៍ កំព្យូទ័រ សម្ភារៈឧបទេស ក៏ដូចជាលើកកម្ពស់សុខភាពសិក្សា និងចំណុចអាទិភាពជាច្រើនទៀត៕អត្ថបទ៖ គឹមហុក


