ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ កំពុងសិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ជាពិសេសការបង្កើតរោងចក្រផលិតបន្ទះឈីប (CHIP) ដែលវិស័យនេះកំពុងដើរតួយ៉ាងសំខាន់ សម្រាប់បម្រើសេចក្តីត្រូវការលើពិភពលោក ក៏ដូចកម្ពុជា សម្រាប់កិច្ចដំណើរការអភិវឌ្ឍ និងការឈានឡើងនៃសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា កន្លងងមកនេះ កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ក្រុមហ៊ុន Mini-bea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ (CHIP) និងបាននាំចេញទៅកាន់បណ្តាប្រទេសដែលផលិតទូរស័ព្ទម៉ាក iphone មួយចំនួន។ក្រៅពីនេះក៏មានក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។
ជាក់ស្តែងថ្មីនេះ ក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ និងប្រទេសចិនជាដើម បានកំពុងសិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យានេះ ជាពិសេសការបង្កើតរោងចក្រផលិតបន្ទះឈីប (CHIP) នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ ថ្លែងបន្ថែមថា ជុំវិញការអភិវឌ្ឍ កម្ពុជាបានកំពុងដើរលើផ្លូវត្រូវ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានដាក់នូវផែនការសកម្មភាពបង្ហាញផ្លូវច្បាស់លាស់ ដើម្បីកំណត់ទស្សនៈវិស័យ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ក្នុងនោះកម្ពុជាក៏មានគោលនយោបាយសម្រាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២០-២០៣០ និងមានផែនទីបង្ហាញផ្លូវសម្រាប់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានគោលនយោបាយជាច្រើនទៀត សម្រាប់ជាតម្រាយផ្លូវនៃការអភិវឌ្ឍន៍។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះកម្ពុជាបាននាំចេញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១ ៥៨៦ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១០៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី