កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អតីតជើងឯកទម្ងន់ស្រាលពិភពលោក Floyd Mayweather បានចូលរួមព្រឹត្តការណ៍យុទ្ធនាការនយោបាយឃោសនាស្វែងរកសំឡេងឆ្នោត នៅក្នុងរដ្ឋធានី Harare (ហារ៉ារ៉េ) ប្រទេសហ្ស៊ីមបាវ៉េ ។

វត្តមានដ៏គួរភ្ញាក់ផ្អើលរបស់តារាល្បីម្នាក់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាស្វែងរកឆ្នោតរបស់គណបក្សកាន់អំណាច ZANU PF ដើម្បីព្យាយាមទាក់ទាញក្រុមអ្នកបោះឆ្នោតយុវជន មុនការបោះឆ្នោតសកលនៅខែក្រោយនេះ ។
លោក Mayweatherបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដើរនៅក្នុងព្រឹត្តការណ៍យុទ្ធនាការឃោសនារការបោះឆ្នោតនេះ ហើយលោកបានមើលការប្រកួតចំនួន ៣ប្រកួតពីក្រុមអ្នកប្រដាល់ហ្ស៊ីមបាវ៉េ ។
អ្នកគាំទ្រម្នាក់និយាយថា លោកសប្បាយចិត្តណាស់ពេលមើលឃើញវត្តមានរបស់អតីតកីឡាករលំដាប់ថ្នាក់ពិភពលោក Mayweather នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ។
ខណៈពេលនោះដែរ ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa( អឹមមើសិន អឹមណាងហ្កាក់វ៉ា) បានសន្យាថា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដែលពួកយើងអាចបន្តនៅកាន់អំណាចបាន ។
សូមបញ្ជាក់ថា សំឡេងឆ្នោតយុវជន ត្រូវបានគេរំពឹងថា នឹងក្លាយជាសមរភូមិប្រកួតប្រជែងដ៏សំខាន់សម្រាប់គណបក្សនយោបាយធំទាំង ២ គឺគណបក្ស ZANU PF និងគណបក្សសម្ព័ន្ធប្រជាពលរដ្ឋដើម្បីការផ្លាស់ប្តូរ (CCC) ៕
