វាទើបតែមានរយៈពេល ២សប្តាហ៍មុនប៉ុណ្ណោះ ពេលដែលទីក្រុង Chicago សហរដ្ឋអាមេរិក មានគុណភាពខ្យល់ដ៏អាក្រក់បំផុតនៅលើពិភពលោកដោយសារតែផ្សែងហោះចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា ។

វាកាន់តែអាក្រក់បំផុត ពេលដែលមនុស្សរាប់លាននាក់ ត្រូវបានគេព្រមានឲ្យស្នាក់នៅក្នុងផ្ទះរយៈពេលច្រើនថ្ងៃដោយសារការព្រួយបារម្ភថា ភាគល្អិតនៅក្នុងខ្យល់អាចនឹងធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺ ។
ផ្សែងកខ្វក់នៅក្នុងទីក្រុង Chicago បានកើតមានឡើងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយផ្សែងភ្លើងឆេះព្រៃកាណាដា បានគ្របដណ្តប់លើទីក្រុង New Yorkធ្វើឲ្យផ្ទៃមេឃប្រែជាស្រអាប់ និងឡើងពណ៌លឿងទុំ ។

ស្របពេលដែលភ្លើងឆេះព្រៃនៅកាណាដា ត្រូវបានគេរំពឹងថានឹងបន្តឆាបឆេះពេញរដូវក្តៅ ហើយនិងបន្តរហូតដល់រដូវស្លឹកឈើជ្រុះនោះ ក្រុមអ្នកជំនាញបម្រែបម្រួលអាកាសធាតុ មានជំនឿថា ទីក្រុង New York, Chicago និងទីក្រុងជាច្រើនទៀតរបស់សហរដ្ឋអាមេរិក អាចនឹងហ៊ុព័ទ្ធដោយផ្សែងម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាគុណភាពខ្យល់ដ៏អាក្រក់បំផុតនៅលើពិភពលោក ។
លោក Daniel Horton គឺជាសាស្រ្តាចារ្យរង និងជាអ្នកដឹកនាំក្រុមស៊ើបអង្កេតសម្រាប់ក្រុមស្រាវជ្រាវបម្រែបម្រួលអាកាសធាតុនៅសាកលវិទ្យាល័យ Northwestern បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្តីកង្វល់ពីគុណភាពខ្យល់គ្មានសុខភាពនៅទីក្រុង Chicago និងទីក្រុង New York បានជួយធ្វើឲ្យបញ្ហាក្លាយជាចំណាប់អារម្មណ៍របស់សាធារណជន ៕
