តារាសម្ដែងរបស់ផលិតកម្មហូលីវូដ បានធ្វើកូដកម្ម នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) បន្ទាប់ពីការចរចាជាមួយស្ទូឌីយោ បានបរាជ័យ ដោយចូលរួមជាមួយអ្នកនិពន្ធអត្ថបទភាពយន្ត និងទូរទស្សន៍ ដែលបានជួបជុំគ្នា តាំងពីខែឧសភា និងដោយធ្វើឲ្យរាំងស្ទះកាន់តែខ្លាំងឡើងដល់ការផ្សាយកម្មវិធីកម្សាន្ត និងភាពយន្តជាច្រើន។

ឥឡូវនេះ ស្ទូឌីយោ កំពុងប្រឈមជាមួយការឈប់ដំណើរការចំពោះការងារទាំង២ ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៦៣ឆ្នាំ ដោយជំរុញឲ្យពួកគេបង្ខំចិត្តបញ្ឈប់ផលិតកម្មជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក និងក្រៅប្រទេស។
កូដកម្មរួមបញ្ចូលគ្នានេះ នឹងបន្ថែមការខូចខាតផ្នែកសេដ្ឋកិច្ច ដោយសារការដើរចេញរបស់អ្នកនិពន្ធ ដោយផ្តល់ផលប៉ះពាល់មួយផ្សេងទៀតដល់ឧស្សាហកម្ម ដែលកំពុងប្រឹងដោះស្រាយកែប្រែអាជីវកម្មរបស់ខ្លួន។

សហជីពដែលមានឈ្មោះថា SAG-AFTRA Screen Actors Guild និងសមាគមសិល្បករទូរទស្សន៍ និងវិទ្យុអាមេរិក បានចូលរួមជាមួយសមាគមអ្នកនិពន្ធ Writers Guild of America (WGA) ក្នុងកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលគោល និងអត្ថប្រយោជន៍ផ្សេងៗទៀត នៅក្នុងយុគសម័យទូរទស្សន៍ផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណេតនេះ បូករួមទាំងការធានាថា ការងាររបស់ពួកគេ នឹងមិនត្រូវបានជំនួសដោយបញ្ញាសិប្បនិម្មិត (AI) នោះទេ។
លោកស្រី Fran Drescher អតីតតារាដ៏ល្បីល្បាញរបស់កម្មវិធីទូរទស្សន៍ «The Nanny» និងជាប្រធានសហជីព SAG-AFTRA បានហៅការឆ្លើយតបរបស់ស្ទូឌីយោ ចំពោះកង្វល់ពីតារាសម្តែងថា ជា «ប្រមាថ និងមិនគោរព»។
ផលិតកម្មហូលីវូដ មិនបានជួបប្រទះនឹងការធ្វើកូដកម្មក្នុងពេលដំណាលគ្នានោះឡើយ ចាប់តាំងពីឆ្នាំ១៩៦០ នៅពេលដែលសមាជិកនៃសមាគម WGA និង Screen Actors Guild ទាំង២ បានលាឈប់ពីការងារ ដើម្បីជាការតវ៉ាប្រឆាំងនឹងការមិនទទួលបានអត្ថប្រយោជន៍ផ្សេងៗពីលក់ខ្សែភាពយន្តឲ្យទៅបណ្តាញស្ថានីយទូរទស្សន៍៕