បច្ចុប្បន្នប្រទេសអ៊ីរ៉ាក់ កំពុងស្ថិតក្នុងវិបត្តិកង្វះខាតទឹកធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកដំាដំណាំ និងអ្នកផលិតចំណីអាហារ ដូចជាកសិករចិញ្ចឹមត្រីអ៊ីរ៉ាក់ លោក Qasem Karamប្រឈមនឹងការបាត់បង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

ក្រុមអ្នកជំនាញ និងក្រុមមន្រ្តីនិយាយថា ការលើកទំនប់ខ្សែទឹកខាងលើនៅក្នុងប្រទេសទួរគី និងអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់ដល់ចរន្តទឹកហូររួចទៅហើយនៅតាមដងទន្លេ Tigris និងទន្លេ Euphrates( អ៊ើហ្វ្រេត) ដែលបង្កើតបានជាទន្លេ Shatt al-Arabបន្ថែមពីការបញ្ចេញទឹកកាកសំណល់ និងភ្លៀងធ្លាក់តិចតួច ដោយសារតែបម្រែបម្រួលអាកាសធាតុ ជាហេតុធ្វើឲ្យ មានការកាត់បន្ថយដ៏គំហុកលើការចិញ្ចឹមត្រី ។

កម្រិតទឹកទាបជាងមុន បានបង្កើនការហួតទឹកកាន់តែខ្លាំងផងដែរ ហើយនិងធ្វើឲ្យទឹកកាន់តែប្រៃជាងមុន ។
លោក Karam និងកសិករចិញ្ចឹមត្រី ៣នាក់ផ្សេងទៀតដែលទីភ្នាក់ងារព័ត៌មានរ៉យទ័របានធ្វើបទសម្ភាសន៍ និយាយថា ការបាត់បង់ទឹកល្មម បានធ្វើឲ្យពួកគេលែងមានមុខរបររីកចម្រើន និងចំណេញប្រាក់ ។ លោក Karam និយាយថា ត្រីរបស់គាត់ឥឡូវបានឈឺផងដែរ មិនសូវលូតលាស់ ឬងាប់ ដោយសារតែលទ្ធផលបែបនេះ ។
យោងតាមការអះអាងរបស់លោក Abbas Dakheel គឺជាមន្រ្តីនៅអគ្គនាយកដ្ឋានកសិកម្មទីក្រុង Basra បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីមានច្បាប់អនុញ្ញាត ៤កន្លែងប៉ុណ្ណោះ បន្តការងារចិញ្ចឹមត្រីរបស់ពួកគេនៅក្នុងឆ្នាំនេះ ពោលគឺខុសគ្នាពីកសិដ្ឋានចិញ្ចឹមត្រី ១៥កន្លែងដែលនៅប្រតិបត្តិការអំឡុងឆ្នាំ ២០២០ ។

សូមបញ្ជាក់ថា ដើម្បីស្រោចស្រង់វិបត្តិកង្វះខាតទឹកធ្ងន់ធ្ងរ ក្រុមអាជ្ញាធរអ៊ីរ៉ាក់ បានចាត់វិធានការជាច្រើនដែលរួមទាំងការបិទកសិដ្ឋានចិញ្ចឹមត្រីគ្មានច្បាប់អនុញ្ញាតប្រហែល ៩៥កន្លែងនៅក្នុងទីក្រុង Basra ៕