ស៊ីហ្គេម៖ ទីតាំងចំនួន ៥ នៅរាជធានីភ្នំពេញ រួមមានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ ផ្សារទំនើបអ៊ីអនសែនសុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទំនងនឹងក្លាយជាទីលានប្រកួតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកីឡា។

ពាក់ព័ន្ធនឹងការកំណត់ទីលាននេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ការកំណត់ទីតាំងនៃទីលានប្រកួតបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC កាលពីថ្មីៗ ដោយបែងចែកជា ៥ទីតាំងធំៗរួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ខណៈខេត្តកំពត កំពុងរង់ចាំការត្រួតពិនិត្យចុងក្រោយ។ ប៉ុន្តែចំពោះទីតាំងនៅរាជធានីភ្នំពេញ រួមមានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ ផ្សារទំនើបអ៊ីអនសែនសុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមិនទាន់មានការសម្រេច ១០០% នោះទេ ដោយគណៈអចិន្ត្រៃយ៍ CAMSOC កំពុងរៀបចំរបាយការណ៍បញ្ជូនទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រួតពិនិត្យ និងសម្រេចចុងក្រោយនាពេលឆាប់ៗខាងមុខ។
គួរដឹងថា គិតត្រឹមថ្ងៃនេះកម្ពុជាសល់ពេល ៧១៧ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ដែលគ្រោងប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា