មន្ត្រីម្នាក់បាននិយាយថា ម៉ាស៊ីនរ៉ុក្កែតមួយរបស់ជប៉ុន បានផ្ទុះក្នុងអំឡុងពេលធ្វើតេស្ត កាលពីថ្ងៃសុក្រ ដែលជាការធ្វើឲ្យខកចិត្តចុងក្រោយបំផុតដល់ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ។

មន្ត្រីនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ណៅយ៉ា តាកេហ្គាមី (Naoya Takegami) បានថ្លែង ប្រាប់សារព័ត៌មានAFPថា Epsilon S ដែលជាគ្រាប់រ៉ុក្កែត Epsilon ប្រភេទថ្មី ដែលបានបរាជ័យ ក្នុងការបាញ់បង្ហោះក្នុងខែតុលា ឆ្នាំ២០២២ បានបំផ្ទុះរយៈពេលប្រហែល៥០វិនាទី បន្ទាប់ពីបង្ហោះឡើង។
រូបភាពពីទូរទស្សន៍ជាតិ NHK បានបង្ហាញថា កន្លែងធ្វើតេស្តនៅភាគខាងជើងនៃខេត្តអាគីតា (Akita) ត្រូវបានឆាបឆេះជាអណ្តាតភ្លើង ហើយដុំផ្សែងពណ៌ប្រផេះដ៏ធំមួយ បានហោះឡើងទៅលើមេឃ។
លោកតាកេហ្គាមី បានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ដែលកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ នៅឡើយទេ៕