
រថក្រោះផលិតដោយបរទេសគឺជា«គោលដៅអាទិភាព»សម្រាប់កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងថា ហើយការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់ទីក្រុងគីវ នឹងមិនផ្លាស់ប្តូរទិសដៅនៃសង្រ្គាមនោះទេ។
នៅក្នុងការអត្ថាធិប្បាយទៅកាន់ទូរទស្សន៍រដ្ឋកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន ក៏បានបញ្ជាក់ឡើងវិញនូវជំហររបស់លោកថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO នឹងគំរាមកំហែងដល់សន្តិសុខ ខណៈដែលការផ្តល់អាវុធរបស់លោកខាងលិច បានត្រឹមតែបង្កើនភាពតានតឹងជាសកលបន្ថែមទៀត និងធ្វើឲ្យជម្លោះនេះ អូសបន្ថាយពេលយូរ។
នៅពេលត្រូវបានសួរអំពីការសម្រេចចិត្តរបស់បារាំងក្នុងការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដែលអាចធ្វើដំណើរបានចម្ងាយ ២៥០ គីឡូម៉ែត្រ (១៥៥ម៉ាយ) លោក ពូទីន បាននិយាយថា «បាទ ពួកគេបណ្តាលឱ្យមានការខូចខាត ប៉ុន្តែគ្មានអ្វីសំខាន់កើតឡើងនៅក្នុងតំបន់សង្រ្គាមជាមួយនឹងការប្រើប្រាស់មីស៊ីលទាំងនោះទេ។ មេដឹកនាំរុស្ស៊ីរូបនេះ បានបន្ថែមថា រថក្រោះផលិតដោយបរទេស គឺជាគោលដៅអាទិភាពសម្រាប់កងកម្លាំងរបស់យើង៕