បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យក្មេង របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ ជឿន ណាចា បានចាត់ទុកការជាប់ជាកីឡាករល្អប្រចាំការប្រកួត ក្នុងជំនួបដ៏ធំជាមួយក្រុមណាហ្គាវើលដ៏ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាការលើកទឹកចិត្តដ៏ធំ និងជំរុញរូបគេឲ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត។

ជឿន ណាចា បានបញ្ជាក់ប្រាប់ក្រុមការងារ BTV ថា ខ្លួនពិតជាសប្បាយចិត្តជាខ្លាំង ដែលរដូវកាលថ្មីនេះត្រូវបានគ្រូបង្វឹកផ្ដល់ឱកាសឲ្យលេងជាបន្ដបន្ទាប់ ពិសេសការប្រកួតជាមួយក្រុមណាហ្គាវើលដ៏កាលពីចុងសប្ដាហ៍កន្លងទៅ រូបគេកាន់តែរំភើប និងរីករាយដែលត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតដ៏ធំបែបនេះ។ កីឡាករមានប្រភពពីខេត្តកែបរូបនេះបានបន្ថែមថា ការជាប់ជាកីឡាករល្អនេះគឺជាការលើកទឹកចិត្តដ៏ធំ បន្ទាប់ពីខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងការប្រកួត តែយ៉ាងណាកីឡាករវ័យក្មេងរូបនេះបានប្ដេជ្ញាចិត្ត និងព្យាយាមបន្ថែមទៀតដើម្បីមានឱកាសលេងកាន់តែច្រើន និងជួយក្រុមស្វែងរកលទ្ធផលល្អនាប្រកួតក្រោយៗទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមកងយោធពលខេមរភូមិន្ទ គឺជាក្រុមប្រកួតបានច្រើនជាងគេចំនួន ៥ប្រកួត និងរកបាន ៨ពិន្ទុឈរលេខរៀងទី៤ បណ្ដោះអាសន្ន ហើយក្នុងចំណោម ៥ប្រកួតកន្លងមក ជឿន ណាចា សុទ្ធតែបានរួមចំណែកជួយក្រុម ពិសេសប្រកួតចុងក្រោយជាមួយណាហ្គាវើលដ៏រូបគេធ្វើបានយ៉ាងល្អ រហូតអាចជួយក្រុមវាយបកតាមស្មើក្រុមណាហ្គាវើលដ៏ ២-២ ទៀតផង៕
អត្ថបទ៖ លី ឈុនឡា