
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានផ្តល់ឱកាសដល់ទាហានស៊ីឈ្នួលជាមួយក្រុម Wagner ឲ្យបន្តបំពេញការងារជាមួយគ្នា នៅប្រទេសរុស្ស៊ី បន្ទាប់ពីការបះបោររបស់ពួកគេ ដោយនេះជាការលើកឡើងរបស់លោក ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា)។
លោក Putin ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Kommersant របស់ប្រទេសរុស្ស៊ី បាននិយាយថា នេះគឺជាការផ្តល់ជូនមួយ ក្នុងចំណោមការផ្តល់ជូនជាច្រើន ដែលលោកបានធ្វើនៅឯកន្លែងជួបគ្នាជាមួយទាហានប្រហែលជាង ៣០នាក់ និងស្ថាបនិករបស់ក្រុមនេះ គឺលោក Yevgeny Prigozhin កាលពីចុងខែមុន ពោលគឺ ៥ថ្ងៃបន្ទាប់ពីក្រុម Wagner បានបង្កើតនូវការការបះបោរដែលពុំបានសម្រេច ប្រឆាំងនឹងឥស្សរជនយោធាជាន់ខ្ពស់របស់រុស្ស៊ី។
តាមរយៈការផ្តល់ជូននេះ មានន័យថា ទាហានទាំងនោះ នឹងនៅតែស្ថិតក្រោមបញ្ជារបស់មេបញ្ជាការបច្ចុប្បន្នរបស់ពួកគេ ដែលបណ្ដាញសារព័ត៌មានបានត្រឹមតែដឹងភិនភាគថា ជាបុរស «សក់ពណ៌ប្រផេះ»។ ជាមួយគ្នានេះ លោក ពូទីន ក៏បាននិយាយផងដែរថា វាអាស្រ័យលើរដ្ឋាភិបាល និងសភារបស់រុស្ស៊ី ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការបង្កើតយោធាឯកជន។
លោក Prigozhin តែងតែចោទប្រកាន់យោធារុស្ស៊ីថា មិនបានគាំទ្រកូនទាហានរបស់លោក ហើយក្រុមអ្នកប្រយុទ្ធរបស់ Wagner ដែលមិនសប្បាយចិត្តនឹងទង្វើរបស់ក្រសួងការពារជាតិ ចំពោះការធ្វើសង្រ្គាម បានគ្រប់គ្រងភាគខាងត្បូងទីក្រុង Rostov-on-Don នៅថ្ងៃទី២៣ ខែមិថុនា ហើយបានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅទីក្រុងម៉ូស្គូ។ តែពួកគេបានបញ្ឈប់ការរុលទៅមុខនៅថ្ងៃបន្ទាប់ ក្រោយពីត្រូវបានផ្តល់ជូននូវកិច្ចព្រមព្រៀង ដែលអាចឲ្យពួកគេសាងទីតាំងថ្មី នៅប្រទេសបេឡារុស រួមជាមួយនឹងលោក Prigozhin៕