
យោងតាមសារព័ត៌មានរដ្ឋចិន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ខ្លាំង បានបោកបក់លើតំបន់ជាច្រើននៅភាគខាងជើងប្រទេសចិន បង្កឲ្យកើតមានទឹកជំនន់នៅតាមខេត្តជាច្រើន ធ្វើឲ្យជន់លិចដងផ្លូវ និងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋ CCTV ឃើញទឹកជន់ធ្ងន់ធ្ងរនៅទីក្រុង Yuncheng (យន់ឆឹង)ស្ថិតក្នុងខេត្ត Shanxi (សានហ្ស៊ី)។
នៅក្នុងខេត្តជិតខាង Shaanxi (ស្អានហ្ស៊ី) ទីក្រុង Weinan(វ៉ីណាន)បានជម្លៀសប្រជាពលរដ្ឋជាង ១.២០០នាក់ ទៅកាន់ទីទួលសុវត្ថិភាព ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ចិនបានបង្កើនការព្រមានពីអាកាសធាតុធ្ងន់ធ្ងរជាងមុន ដោយសារតែបម្រែបម្រួលអាកាសធាតុ ។ មនុស្សជាង ៤ម៉ឺននាក់នៅខេត្ត Sichuan (ស៊ីឈាន់) ត្រូវបានជម្លៀសចេញ ដោយសារតែទឹកជំនន់៕