តាកែវ ៖ នៅថ្ងៃនេះ ខេត្តតាកែវ រកឃើញមនុស្សចំនួន៤៨នាក់ ទៀតបានឆ្លងជំងឺកូវីដ-១៩ ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ រួមទាំងជនបរទេសមួយចំនួន ដែលបំរើការនៅក្នុងខាងរោងចក្រទាំងអស់នេះផង។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងថា ក្នុងចំណោមមន្ត្រីរាជការ ប្រជាពលរដ្ឋ បងប្អូនអាជីវករ សិស្សសាលា កម្មករកាត់ដេរ ដែលមន្ត្រីជំនាញសុខាភិបាលយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ភាគច្រើនជាកម្មករកាត់ដេរ ដោយគ្រាន់តែនៅថ្ងៃអង្គារ៍នេះ យើងបានរកឃើញកម្មករចំនួន៤៨នាក់បានឆ្លងជំងឺកូវីដ១៩។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងបន្តថា ការរកឃើញចំនួនកម្មករឆ្លងជំងឺកូវីដ១៩ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង បែបនេះ គឺបន្ទាប់ពីមន្ត្រីជំនាញបានរកឃើញជនបរទេសពីរនាក់ដែលបំរើការនៅរោងចក្រដេរកាបូបមួយនៅក្នុងស្រុកបាទី បានឆ្លងជំងឺកូវីដ១៩ ដែលនាំអោយមានការឆ្លងរីករាលដាលជាបន្តបន្ទាប់បើទោះបីជាអាជ្ញាធរ បានធ្វើការផ្អាករោងចក្រចំនួន៤ជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។
បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត បច្ចុប្បន្ននេះ កម្មករមួយចំនួនត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅក្នុងក្រុងដូនកែវ ដើម្បីយកសំណាកទៅពិនិត្យរកមេរោគកូវីដបន្តទៀត ហើយអ្នកពាក់ព័ន្ធក៏ត្រូវដាក់អោយធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងនៅតាមឃុំ ស្រុកដែលអាជ្ញាធររៀបចំ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩កាន់តែខ្លាំងក្លាថែមទៀត។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងបន្តថា បើទោះបីជាកម្មករកាន់តែច្រើនឡើងបានឆ្លងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មន្ទីរជំនាញមិនមានគោលការណ៍បិទរោងចក្រណាមួយបន្តទៀតនោះទេ ហើយការចាក់ថ្នាំការពារជំងឺកូវីដ១៩ដល់បងប្អូនកម្មករនៅក្នុងខេត្តតាកែវ ក៏មិនទាន់ដឹងនៅឡើយដែរ ដោយពេលនេះ ក្រសួងការងារកំពុងតែផ្ដោតការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ទៅលើកម្មករនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល តែទោះជាយ៉ាងណាខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាខេត្តអាទិភាពបន្ទាប់ពីភ្នំពេញ និងខេត្តកណ្ដាល៕
ដោយ ៖ គុជ វិភាគ



