ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង ស្នើសុំឱ្យប្រជាពលរដ្ឋត្រៀមឯកសារឲ្យគ្រប់ សម្រាប់ទៅបោះឆ្នោតតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹង ចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ពិសេសក្នុងខណ្ឌបឹងកេងកងទាំងអស់ត្រៀមឯកសារឱ្យបានរួចរាល់ ដូចជា អត្តសញ្ញាណប័ណ្ណ ហើយបើគ្មានអត្តសញ្ញាណបណ្ណទេ សុំទៅធ្វើ ឯ.អ ទុកជាមុន ព្រោះនេះជាការជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត។
ការរំលឹករបស់លោក សុខ សម្បត្តិ បានធ្វើឡើងក្នុងពេលប្រគុំតន្រ្តីអបអរសាទរ ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំដោយតារាកំប្លែងនាយ កុយ កាលពីរាត្រីថ្ងៃទី១៤ ខែកក្កដាម្សិលមិញ ដោយមានការចូលរួមទស្សនាពីសមាជិក សមាជិកាបក្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង បានរំលឹកទៀតថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវការអ្នកដឹកនាំប្រទេសដែលខ្លួនពេញចិត្ត ហើយអាចធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនបានតទៅទៀត។
លោកបានបញ្ជាក់ទៀតថា មានតែបក្សបក្សនយោបាយតែមួយគត់ គឺ គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជីវិតយើងចេញពីរបបវាលពិឃាដយង់ឃ្នង ហើយបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ ជាពិសេសគឺរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និង មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើឱ្យកម្ពុជាឈខ្ពស់ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ក៏ដូចជាធ្វើឱ្យពិភពលោកទទួលស្គាល់ និងគាំទ្រកម្ពុជាកាន់តែច្រើនឡើងជាបន្តបន្ទាប់។
ជាមួយគ្មានេះលោក សុខ សម្បត្តិ ស្នើឱ្យប្រជាពលរដ្ឋ ដែលស្រលាញ់សុខសន្តិភាពទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ដើម្បីផ្តល់លទ្ធភាពជូនសម្តេចតេជោ ហ៊ុន សែន បន្តបំរើបងប្អូន និងបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តទៅទៀត៕ អត្ថបទ៖ តារាវុទ្ធី


