សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តកំណែទម្រង់ថ្មី នៃគោលនយោបាយកំណត់ច្បាប់ជាក់លាក់ សម្រាប់ក្រសួងការពារជាតិកាលពីថ្ងៃសុក្រ ប៉ុន្តែឱកាស នៃការប្រែក្លាយជាច្បាប់ត្រូវតែ «ឆ្លងកាត់ការនុម័ត» គឺមានភាពមិនច្បាស់លាស់បន្ទាប់ពីគណបក្សសាធារណរដ្ឋ បានបន្ថែមវិសោធនកម្មវប្បធម៌បែបអភិរក្សនិយមជាបន្តបន្ទាប់។
ច្បាប់អនុញ្ញាតក្រសួងការពារជាតិ ឬ NDAA ឆ្នាំសារពើពន្ធ ២០២៤ ដែលកំណត់គោលនយោបាយ សម្រាប់មន្ទីរបញ្ចកោណ និងការអនុញ្ញាតឱ្យចំណាយ ៨៨៦ពាន់លានដុល្លារ ត្រូវបានអនុម័តដោយសំឡេង ២១៩ ទល់នឹង២១០ ។
ក្នុងអំឡុងពេលជជែកដេញដោល គណបក្សប្រជាធិបតេយ្យ បានព្រមានថា ពួកគេភាគច្រើននឹងមិនគាំទ្រច្បាប់អនុញ្ញាតក្រសួងការពារជាតិ ឬ NDAA នោះទេ បន្ទាប់ពីសភាគ្រប់គ្រងសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋ បានបោះឆ្នោត ដែលស្ទើរតែដើរតាមជួរគណបក្សទាំងស្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍សម្រាប់ការធ្វើវិសោធនកម្មលើបញ្ហាសង្គម ដែលជាចំណុចក្តៅ ជំរុញដោយក្រុមស្ដាំនិយមប្រកាន់តឹងរបស់គណបក្ស។
ជាឧទាហរណ៍ សភាបានបោះឆ្នោតសំឡេង ២២១ ទល់នឹង ២១៣ សម្រាប់ការធ្វើវិសោធនកម្មដែលនឹងផ្លាស់ប្តូរគោលនយោបាយរបស់ក្រសួងការពារជាតិ ក្នុងការទូទាត់សំណង សម្រាប់សមាជិកបម្រើកងទ័ព ដែលធ្វើដំណើរដើម្បីទទួលបានសេវាកម្មរម្លូតកូន៕

