អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅតែរង់ចាំការឆ្លើយតបពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើសំណើ ដើម្បីបន្ថែមពេលកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយសុវត្ថិភាពនៅសមុទ្រខ្មៅឲ្យហួសពីថ្ងៃច័ន្ទ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Guterres បានសរសេរទៅកាន់លោក Putin កាលពីថ្ងៃអង្គារ ដោយស្នើសុំឱ្យលោកបន្ថែមពេលកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ ជាថ្នូរ សម្រាប់ការភ្ជាប់ក្រុមហ៊ុនធនាគារកសិកម្មរុស្ស៊ី (Rosselkhozbank) ទៅនឹងប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ។
នាវាចុងក្រោយដែលធ្វើដំណើរក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅកំពុងផ្ទុកទំនិញរបស់ខ្លួននៅកំពង់ផែ Odesa ប្រទេសអ៊ុយក្រែន។ រុស្ស៊ី ពុំបានព្រមព្រៀងចុះបញ្ជីនាវាថ្មីៗណាមួយនោះទេ ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ហើយគំនិតផ្តួចផ្តើមនោះនឹងត្រូវផុតកំណត់នៅថ្ងៃចន្ទ ប្រសិនបើទីក្រុងមូស្គូ មិនព្រមព្រៀងបន្តនោះ។ រុស្ស៊ី បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំ២០២២ ដោយសារទីក្រុងមូស្គូនិយាយថា ការទាមទាររបស់ខ្លួនដើម្បីធ្វើឲ្យប្រសើរការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន មិនត្រូវបានបំពេញ។
ពោត ស្រូវសាលី និងធញ្ញជាតិផ្សេងទៀតជាង ៣២ លានតោន ត្រូវបាននាំចេញដោយអ៊ុយក្រែនក្រោមការរៀបចំ។ រុស្ស៊ីបានត្អូញត្អែរថា មិនគ្រប់គ្រាន់នោះទេ ដែលបានទៅដល់ប្រទេសក្រីក្រ ប៉ុន្តែអង្គការសហប្រជាជាតិបានអះអាងថា ខ្លួនបានផ្តល់ផលប្រយោជន៍ដល់រដ្ឋទាំងនោះ តាមរយៈការជួយបញ្ចុះតម្លៃស្បៀងអាហារជាង ២០ ភាគរយនៅទូទាំងពិភពលោក៕

