មនុស្ស ៧នាក់បានស្លាប់ ៣នាក់ទៀត កំពុងបាត់ខ្លួន និងជាង ១.០០០នាក់ ត្រូវបានជម្លៀសចេញ ខណៈដែលភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី៣ បានធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) នេះ ដោយបណ្តាលឲ្យមានជាបំណាក់ដី និងកម្រិតទឹកឡើងខ្ពស់ជាងទំនប់។
យោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ព្រឹក (ម៉ោង ២:០០ ម៉ោងសកល) មនុស្សចំនួន ១,៥៦៧នាក់ ត្រូវបានជម្លៀស នៅទូទាំងប្រទេស ដោយបទបញ្ជាជម្លៀសរបស់រដ្ឋាភិបាល ក្នុងតំបន់ ក្ដោបលើចំនួនមនុស្សជាង៧.០០០នាក់ ក្នុងពេលវេលាផ្សេងៗគ្នា។ ការជម្លៀសអាចមានបន្ថែមទៀត នៅពេលដែលទឹកបានហៀរទំនប់ នៅខេត្ត Chungcheong ខាងជើង ដោយទំនប់ Goesan កំពុងបង្ហូរទឹកចេញយ៉ាងច្រើនតាមដែលអាចធ្វើបាន។
ក្រុមហ៊ុនប្រតិបត្តិការរថភ្លើង Korea Railroad Corp បាននិយាយថា ខ្លួនកំពុងបញ្ឈប់រថភ្លើងល្បឿនយឺតទាំងអស់ និងរថភ្លើងល្បឿនលឿនមួយចំនួន ខណៈដែលរថភ្លើងល្បឿនលឿនផ្សេងទៀត អាចនឹងត្រូវពន្យារពេល ដោយសារប្រតិបត្តិការយឺត ខណៈដែលបំណាក់ដី ការជន់លិចផ្លូវ និងការធ្លាក់ដុំថ្ម បានគំរាមកំហែងដល់សុវត្ថិភាពធ្វើដំណើរ។
ក្នុងកិច្ចប្រជុំជាមួយទីភ្នាក់ងាររដ្ឋាភិបាល នាថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រី លោក Han Duck-soo បានអំពាវនាវឲ្យយោធាចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពជួយសង្គ្រោះ ដោយធ្វើការជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីប្រមូលឧបករណ៍ និងកម្លាំងពលកម្ម៕



