ភ្នំពេញ៖ គណៈប្រតិភូក្រុមប្រឹក្សាឃុំ ស្រុក និងមន្ត្រីរាជការចំណុះស្រុកស្វាយទាបខេត្តស្វាយរៀង បានទៅទស្សនាវិមានឈ្នះ ឈ្នះ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតអំពីប្រវត្តិដឹកនាំ តស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការអនុវត្តន៍គោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនមកដល់សព្វថ្ងៃនេះ។
អ្នកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀងបានលើកឡើងថា គណៈប្រតិភូបានមកទស្សនាវិមានឈ្នះឈ្នះនាពេលនេះគឺមានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទាំងស្រុកស្វាយទាប បានយល់ដឹងបន្ថែមទៀតអំពីសារៈសំខាន់នៃការសាងសង់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា ពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំកន្លងមកនេះ។ វិមានឈ្នះ ឈ្នះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ គឺវិមានមានឈ្នះឈ្នះត្រូវបានប្រារព្ធពិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការប្រារព្ធទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨–២៩ ខែធ្នូ ឆ្នាំ២០១៨ ផងដែរ។
សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងដោយបានដកស្រង់ ចេញពីខ្លឹមសារគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុនសែន ចែកចេញជា ៣ផ្នែកដែលក្នុងនោះជាន់ទី១ មានជ្រុងទាំង៧ នៃតួវិមានឈ្នះ ឈ្នះ គឺតំណាងឲ្យកត្តាទាំង ៧ ដែលនាំឲ្យគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានជ័យជំនះយ៉ាងត្រចង់ ផ្នែកកណ្ដាលមាន ៥ជ្រុងដែលជ្រុងទាំង៥ នៃតួវិមានតំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីត (DIFID) រួមមាន៖ បំបែក. ឯកោ. បញ្ចប់. ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ជាដើម។ ដោយឡែកផ្នែកខាងលើកំពូលវិមានដែលមាន ៣ជ្រុងដែលជ្រុងទាំង៣ នៃតួវិមានឈ្នះ ឈ្នះនេះតំណាងឲ្យទី១ ការធានារូបកាយ និងអាយុជីវិត, ទី២ ការធានាអាជីព និងមុខរបរ និងទី៣ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ។
នៅតួវិមានឈ្នះ ឈ្នះផ្នែកកណ្ដាលនៃជ្រុងទាំង៥ ត្រូវបានកសាងជាសារមន្ទីរមគ្គុទ្ទេសក៍សម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបរាប់ពីប្រវត្តិទិវាចងចាំ នៃដំណើរឆ្ពោះទៅផ្ដួលរំរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសកម្មភាពដឹកនាំប្រទេសជាតិរបស់សម្ដេចតេជោ ចាប់តាំងពីក្រោយថ្ងៃជ័យជំនះ ៧ មករា រហូតដល់ការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនមកដល់សព្វថ្ងៃនេះ។ បើតាមឯកឧត្ដមនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារ សិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ ឈ្នះ និងជាអគ្គនាយកនយោបាយ និងកិច្ចការបទេសនៃក្រសួងការពារជាតិបានឲ្យដឹងថា ក្រោយពីសម្ពោធនូវវិមានឈ្នះ ឈ្នះនេះជាផ្លូវការហើយ មានបងប្អូនប្រជាពលរដ្ឋខ្មែរជិតឆ្ងាយ ចូលរួមទស្សនាមួយៗថ្ងៃចាប់ពី ៣រយនាក់ទៅ ៥រយនាក់ ហើយថ្ងៃសៅរ៍អាទិត្យចាប់ពី ១ពាន់ទៅ ៣ពាន់នាក់៕
