នគរបាលបាននិយាយកាលពីថ្ងៃសុក្រ (ទី១៤ កក្កដា) ថា ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសម្លាប់ជាបន្តបន្ទាប់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីជាង ១ទស្សវត្សរ៍មុន ដែលបានកំណត់គោលដៅលើអ្នករកស៊ីផ្លូវភេទ និងអ្នកផ្សេងទៀត ដែលសាកសពរបស់ជនរងគ្រោះទាំងនោះ ត្រូវបានចោលរាយប៉ាយតាមឆ្នេរសមុទ្រនៃកោះ Long Island ។
សាកសពមនុស្សចំនួន ១១នាក់ ត្រូវបានរកឃើញក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ នៅតាមបណ្តោយឆ្នេរ Gilgo Beach ដាច់ស្រយាល នៅលើកោះរបាំងមហាអាត្លង់ទិក ចម្ងាយប្រហែល ៤០ម៉ាយល៍ (៦៤គីឡូម៉ែត្រ) ភាគខាងកើតទីក្រុងញូវយ៉ក។ ការសម្លាប់នេះ បានទាក់ទាញការចាប់អារម្មណ៍ នៅទូទាំងប្រទេសនេះ។
ស្នងការនគរបាលតំបន់ Suffolk លោក Rodney Harrison បាននិយាយថា ជនសង្ស័យប្រុសម្នាក់ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា)។ លោកមិនបានបង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ ប៉ុន្តែបានប្រាប់ថា គណៈវិនិច្ឆ័យធំ ត្រូវបានរំពឹងថា នឹងចេញដីកានៅរសៀលថ្ងៃសុក្រ (ទី១៤ ខែកក្កដា)។
តែដោយដកស្រង់សម្ដីពីមន្ត្រីអនុវត្តច្បាប់ ៤នាក់ ប្រព័ន្ធផ្សព្វផ្សាយ NBC បានកំណត់អត្តសញ្ញាណជនសង្ស័យនោះថា ឈ្មោះ Rex Heuermann ( ហូយអើម៉ិន)ដែលជាស្ថាបត្យករវ័យ ៥៩ឆ្នាំ មកពីសង្កាត់តូចមួយ Massapequa (ម៉ាសបាពីក្វា)។ សារព័តមាន New York Times ដែលយោងតាមសម្ដីពីមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ក៏បានផ្សាយពីជនសង្ស័យថា ឈ្មោះ Heuermann ដូចគ្នាដែរ៕


