ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបញ្ចប់ជម្លោះ ក្នុងប្រទេសស៊ូដង់ និងឆ្លើយតបចំពោះតម្រូវការមនុស្សធម៌ អំឡុងការអំពាវនាវ កាលពីថ្ងៃសុក្រ (ទី១៤ ខែកក្កដា)។
ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា បានធ្វើឲ្យជនស៊ីវិលចាកចេញពីតំបន់រដ្ឋធានីធំៗ ដែលរួមមានទីក្រុងខាទូម (Khartoum) បារិ (Bahri) និងអ៊ុដឺមែន (Omdurman) ហើយបានបង្កឲ្យមានការវាយប្រហារដែលជម្រុញដោយជនជាតិភាគតិច នៅតំបន់ដាហ្វួរ (Darfur)។
កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) បានប្រយុទ្ធជាមួយកងទ័ពរដ្ឋភិបាលស៊ូដង់ អស់រយៈពេលបីខែ ដោយបានត្រួតត្រារដ្ឋធានីស៊ូដង់ដោយជាក់ស្ដែង ហើយប្រជាពលរដ្ឋ ចោទថា ក្រុមកងកម្លាំងនេះ បានចូលឆក់ប្លន់ និងកាន់កាប់លំនៅឋានរបស់ពួកគេ។
ទោះបីជាមានកិច្ចប្រឹងប្រែងសម្រុះសម្រួល ទាំងក្នុងតំបន់ និងអន្តរជាតិរហូតមកដល់ពេលនេះក៏ដោយ ក៏មិនមានកិច្ចព្រមព្រៀងណាមួយកើតឡើង ដើម្បីបញ្ចប់សង្គ្រាមនេះទាំងស្រុងបានដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Blinken បានជជែកគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Bin Farhan ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនទាំងទ្វេភាគី និងក្នុងតំបន់ ដូចជាជម្លោះ នៅក្នុងប្រទេសស៊ូដង់នេះជាដើម ដោយបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីការបរទេសទាំង២ នឹងរិះរកគ្រប់វិធី ដើម្បីបញ្ចប់ជម្លោះនេះ។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សរាប់រយនាក់ បានស្លាប់ដោយសារអំពើហិង្សា និងរាប់លាននាក់ទៀត ត្រូវផ្លាស់ប្ដូរលំនៅឋាន ពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងប្រទេសរបស់ខ្លួន ក្នុងនោះរួមទាំងចំនួនជិត ៧០០.០០០នាក់ ដែលបានភៀសខ្លួនចេញពីប្រទេស៕


